(វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បានធ្វើដំណើរទៅដល់រដ្ឋហាវ៉ៃហើយ ជាទីដែលលោកស្រីបានធ្វើទស្សនកិច្ចទៅកាន់ ស្ដូបគោរពវិញាណក្ខន្ធ Pearl Harbor និង USS Arizona មុននឹងចាប់ផ្ដើមបំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ី ចំពោះមុខភាពតានតឹងជាមួយចិន។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២។

បើតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យប្រធានសភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃអាទិត្យនេះ លោកស្រី ផេឡូស៊ី កំពុងដឹកនាំប្រតិភូសភាមួយ ក្រុមបំពេញទស្សនកិច្ចមកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាមួយផែនការឈប់សំចតនៅក្នុងប្រទេសមួយចំនួនរួមមាន សិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន។ ប៉ុន្តែ សេចក្ដីថ្លែងការណ៍នេះដដែល មិនបាននិយាយពីតៃវ៉ាន់ឡើយ ខណៈការសន្និដ្ឋានជាច្រើនថាលោកស្រីផេឡូស៊ី អាចនឹងបំពេញទស្សនកិច្ចនៅតៃវ៉ាន់ បើទោះជាមាន ការព្រមានពីចិនក៏ដោយ។ «នៅថ្ងៃនេះ (ថ្ងៃអាទិត្យ) ប្រតិភូសភារបស់យើងនឹងធ្វើដំណើរទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីបញ្ជាក់ពីភាពខ្លាំងរបស់អាមេរិក និងការប្ដេជ្ញាចិត្តឥតងាករេចំពោះសម្ព័ន្ធមិត្ត និងប្រទេសជាមិត្តរបស់យើងក្នុងតំបន់»។ នេះការបញ្ជាក់របស់លោកស្រី ផេឡូស៊ី ក្នុងសេចក្ដីថ្លែងការណ៍ខាងលើ។

គួរបញ្ជាក់ថា ចិន ដែលចាត់ទុកថាតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន បានព្រមានថានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើលោកស្រី ផេឡូស៊ី ពិតជាបំពេញទស្សនកិច្ច មកកាន់កោះតៃវ៉ាន់មែននោះ។ លោកស្រី ផេឡូស៊ី មកទល់នឹងម៉ោងនេះមិនបានបញ្ជាក់ថាតើលោកស្រីនឹងធ្វើទស្សនកិច្ចនៅតៃវ៉ាន់ឬក៏យ៉ាងណានោះទេ ដោយសំអាងពីសុវត្ថិភាពផ្ទាល់ខ្លួន ប៉ុន្តែប្រធានសភាតំណាងរាស្ត្រអាមេរិករូបនេះបានបង្ហើបសញ្ញាមួយខ្លះពីបំណងរបស់លោកស្រី ដោយនិយាយថាបច្ចុប្បន្នគឺជា ពេលដ៏សំខាន់ ដើម្បីបង្ហាញការគំាទ្រដល់តៃវ៉ាន់៕