(សិង្ហបុរី)៖ ក្រុមប្រតិភូសភាអាមេរិកដឹកនាំដោយប្រធានសភាតំណាងរាស្ត្រ លោកស្រី ណាន់ស៊ី ផេឡូស៊ី បានធ្វើដំណើរមកដល់ប្រទេសសិង្ហបុរីហើយសម្រាប់ ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃអង្គារសប្ដាហ៍នេះ និងជាកិច្ចចាប់ផ្ដើមទស្សនកិច្ចនៅអាស៊ីរបស់លោកស្រី នៅចំពោះមុខភាពតានតឹង ជាមួយចិនជុំវិញកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២។

បើតាមការគ្រោងទុក លោកស្រី ផេឡេស៊ី នឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីសិង្ហបុរី លោកស្រី ហាលីម៉ាស់ យ៉ាក់កូប និងលោកនាយករដ្ឋមន្ត្រី លី សៀនឡុង។ ការិយាល័យលោកស្រី ផេឡូស៊ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ក៏បានឱ្យដឹងដែរថា លោកស្រីប្រធានសភាតំណាងរាស្ត្រអាមេរិករូបនេះបានដឹកនាំ ប្រតិភូសភាមានសមាជិក ៦នាក់ បំពេញទស្សនកិច្ចមកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនោះរួមមានសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ដោយមិនបានបញ្ជាក់ពី តៃវ៉ាន់ទេ ខណៈមកទល់នឹងពេលនេះលោកស្រី ក៏មិនបានទទួលស្គាល់ថានឹងឈប់សំចតនៅតៃវ៉ាន់ដែរ ឬក៏យ៉ាងណានោះទេ។

លោកស្រី ផេឡូស៊ី បានអះអាងថាដំណើរទស្សនកិច្ចនេះគឺជាការបង្ហាញពីការប្ដេជ្ញាចិត្តឥតងាករេរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធមិត្ត និងបណ្ដាប្រទេសជាមិត្ត នៅក្នុងតំបន់ ហើយលោកស្រីផ្ទាល់ ក៏ធ្លាប់បានលើកឡើងដែរថានេះជាពេលវេលាដ៏ល្អ ដើម្បីបង្ហាញការគាំទ្រដល់តៃវ៉ាន់។ យ៉ាងណាក៏ដោយ ចិនបានព្រមានថា នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់៕