(តូក្យូ)៖ ប្រទេសជប៉ុន បានហៅការធ្វើសមយុទ្ធយោធាចិន ដើម្បីជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី នៅកោះតៃវ៉ាន់ នាថ្ងៃពុធនេះថាបាន «បង្កការព្រួយបារម្ភ» ប៉ុន្តែបានបដិសេធមិនធ្វើការអត្ថាធិប្បាយលើដំណើរទស្សកិច្ច របស់លោកស្រីនៅក្នុងតំបន់អាស៉ីឡើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។

នៅក្នុងសន្នសីទសារព័ត៌មានមួយ ប្រធានខុទ្ធកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោក ហ៉ីរ៉ូកាហ្សូ ម៉ាត់ស៊ូណុ (Hirokazu Matsuno) បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានបង្ហាញក្តីកង្វល់ជុំវិញប្រតិបត្តិការយោធានេះជាមួយចិន ដោយបានរំលឹកឡើងវិញថា ជប៉ុនសង្ឃឹមថាបញ្ហានៅច្រកសមុទ្រតៃវ៉ាន់ នឹងត្រូវបានដោះស្រាយតាមរយៈកិច្ចសន្ទនា។

គួរបញ្ជាក់ថា ក្រោយពីយន្តហោះរបស់លោកស្រី ផេឡូស៊ី បានចុះចតនៅឯកោះតៃវ៉ាន់ កាលពីយប់ថ្ងៃអង្គារ ចិនបានបញ្ជាក់ពីការធ្វើសមយុទ្ធយោធា ជាបន្តបន្ទាប់ ព្រមជាមួយនឹងការប្រកាសធ្វើសមយុទ្ធយោធា ក្នុងដែនទឹកចំនួន៦ ឡោមព័ទ្ធជុំវិញកោះតៃវ៉ាន់ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ សប្តាហ៍នេះផងដែរ៕