(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា យោធារបស់ខ្លួនបានបាញ់ផ្កាភ្លើង ដើម្បីបណ្ដេញយន្តហោះដ្រូនជាច្រើនគ្រឿងរបស់ចិនដែល ហោះកាត់ពីលើកោះ គីនមិន (Kinmen) កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ ឱ្យចេញពីឆ្ងាយកោះមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២២។

កោះតៃវ៉ាន់បាន និងកំពុងបង្កើនប្រុងប្រយ័ត្នកម្រិតខ្ពស់ ខណៈចិនកំពុងធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតព័ទ្ធជុំវិញកោះតៃវ៉ាន់ ដើម្បីឆ្លើយតបនឹងដំណើរទស្សនកិច្ច របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី។ លោកឧត្តមសេនីយ៍ ចាង ស៊ុនស៊ុង (Chang Zone-sung) មេបញ្ជាការដ្ឋានការពារជាតិ នៃតំបន់ Kinmen បានប្រាប់ Reuters ឲ្យដឹងថា យន្តហោះដ្រូនរបស់ចិនជាច្រើនគ្រឿងបានហោះចូលទៅក្នុងកោះ Kinmen ចំនួនពីរដងកាលពីយប់ថ្ងៃពុធ វេលាម៉ោងប្រហែល ៩យប់ និងម៉ោង ១០យប់។

លោក ចាង បានបញ្ជាក់ថា «យើងបានបាញ់ផ្កាភ្លើងព្រមានភ្លាមៗ ដើម្បីយន្ដហោះដ្រូនទាំងឱ្យចេញឆ្ងាយ បន្ទាប់មកយន្ដហោះទាំងនេះបានត្រឡប់ហោះចូលមក ម្ដងទៀតក្នុងតំបន់ហាមឃាត់របស់យើង ហើយនេះជាមួលហេតុដែលយើងត្រូវធ្វើសកម្មភាពបណ្ដេញយន្ដហោះទាំងនេះ»

គួរបញ្ជាក់ថា កោះគីនមិន គឺស្ថិតនៅក្បែរឆ្នេរភាគអាគ្នេយ៍ប្រទេសចិន ក្បែរទីក្រុង សៀមិន (Xiamen)។ បើតាមមេបញ្ជាការប្រចាំតំបន់នេះ តៃវ៉ាន់មាននីតិវិធី ប្រតិបត្តិការស្តង់ដារ ហើយនឹងឆ្លើយតបរាល់សកម្មភាពណាមួយដែលកើតឡើង ប៉ុន្តែស្ថានភាពបច្ចុប្បន្នក្នុងតំបន់នេះ នៅតែមានកម្រិតប្រកាសអាសន្នធម្មតា៕