(ហ្កាហ្សា)៖ យន្ដហោះចម្បាំងអ៉ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសលើតំបន់ហ្កាហ្សា រីឯក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបាញ់គ្រាប់ រ៉ុក្កែតផ្លោងចូលទឹកដីអ៉ីស្រាអែល នៅថ្ងៃសៅរ៍នេះ ខណៈការវាយប្រយុទ្ធគ្នាបានឈានចូលថ្ងៃទី២ហើយ បិទបញ្ចប់ភាពស្ងប់ស្ងាត់នៅតាមតំបន់ព្រំដែន ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២។

អ៉ីស្រាអែល កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានបើកប្រតិបត្តិការពិសេសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជីហាដប៉ាឡេស្ទីន ដោយបានផ្ដាច់ជីវិតមេបញ្ជាការ ជាន់ខ្ពស់ម្នាក់របស់ក្រុមសកម្មប្រយុទ្ធមួយនេះ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសលើអគារមួយកន្លែង ក្នុងតំបន់ហ្កាហ្សា។ ប៉ុន្តែ បើតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន ការវាយប្រហាររបស់អ៉ីស្រាអែលក៏បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៩នាក់ផងដែរ ក្នុងនោះរួមមានកុមារម្នាក់ និង៧៩នាក់ផ្សេងទៀតរងរបួស ហើយសម្ព័ន្ធអារ៉ាប់បានថ្កោលទោសយ៉ាងខ្លាំងលើអ៉ីស្រាអែល។

ដោយឡែក បើតាមយោធាអ៉ីស្រាអែល ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបាញ់គ្រាប់រ៉ុក្កែតយ៉ាងហោច ១៦០គ្រាប់ ផ្លោងចូលយ៉ាងជ្រៅចូលក្នុងទឹកដី អ៉ីស្រាអែល តែមីស៊ីលទាំងនេះភាគច្រើនត្រូវបានស្ទាក់បំផ្លាញដោយប្រព័ន្ធការពារដែនអាកាស រីឯមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះបានរងរបួសស្រាល៕