(បាងកក)៖ ក្រុមជួយសង្គ្រោះបាននិយាយនៅថ្ងៃសៅរ៍នេះថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះដ៏សន្ធោសន្ធៅ ដែលបានឆាបឆេះក្លឹបរាត្រីមួយរបស់ប្រទេសថៃ បានកើនឡើងដល់ ១៥នាក់ហើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២។

ក្រុមសង្គ្រោះ បានឲ្យដឹងថា បុរសម្នាក់ទៀតបានស្លាប់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១៥នាក់។ អ្នកស្លាប់មានស្ត្រី ៤នាក់ និងបុរស ១១នាក់ ដែលភាគច្រើនគឺជាមនុស្សកកកុញនៅច្រកចូល និងនៅក្នុងបន្ទប់ទឹក ខណៈដែលសាកសពរបស់ពួកគេបានឆេះយ៉ាងធ្ងន់ធ្ងរ។ ពួកគេមានអាយុចន្លោះពី ១៧ទៅ ៤៩ឆ្នាំ ហើយត្រូវបានគេជឿថាជាជនជាតិថៃ។

នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យស៊ើបអង្កេតលើសោកនាដកម្មនេះ។ រីឯប៉ូលីសបាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ពួកគេកំពុងស៊ើបអង្កេតរបាយការណ៍មួយចំនួន ដែលថាទ្វារនៅក្នុងក្លឹបរាត្រីត្រូវ បានចាក់សោ កំលុងពេលមានភ្លើងឆេះ។

គួរបញ្ជាក់ថា គ្រោះអគ្គិភ័យមួយបានឆាបឆេះក្លឹបរាត្រី ឈ្មោះ Mountain B night club នៅក្នុងស្រុក សាតតាហ៊ីប (Sattahip) នៅម៉ោងប្រហែល ១៖០០នាទីរំលងអធ្រាត្រ នៅឯខេត្តឈុនប៊ូរី (Chonburi) ស្ថិតភាគខាងគ្នេយ៍នៃរាជធានីបាងកក៕