(តៃប៉ិ)៖ ក្រុមមន្រ្តីទីក្រុងតៃប៉ិនាថ្ងៃចន្ទនេះ បានប្រកាសថា តៃវ៉ាន់នឹងរៀបចំការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត ក្នុងសប្តាហ៍នេះ ដើម្បីជាការហាត់សមការពារដែនកោះនេះ ទប់ទល់នឹងការឈ្លានពានពីប្រទេសចិន ខណៈដែលទីក្រុងប៉េកាំង នៅតែបន្តការធ្វើសមយុទ្ធរបស់ខ្លួនដដែល នៅជុំវិញកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២។

យោធាតៃវ៉ាន់បានប្រកាសថា កងកម្លាំងរបស់ខ្លួននឹងរៀបចំការធ្វើសមយុទ្ធ ប្រឆាំងទប់ទល់នឹងការឡើងពីសមុទ្រមកលើគោក នៅឯស្រុក ពីងទុង (Pingtung) ដែលស្ថិតនៅចុងភាគខាងត្បូងបំផុត នៃកោះតៃវ៉ាន់ នាថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ អ្នកនាំពាក្យម្នាក់របស់យោធាតៃវ៉ាន់ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងនឹងហាត់សមយុទ្ធសាស្រ្ត ដើម្បីប្រឆាំងការវាយប្រហាររបស់សត្រូវ ដែលអាចកើតឡើងមកលើតៃវ៉ាន់»។ កំលុងសមយុទ្ធនោះ នឹងរួមមានទាំងការដាក់ពង្រាយកងទ័ពរាប់រយនាក់ ក៏ដូចចាប្រព័ន្ធកាំភ្លើងធំ ហោវីសឺ (howitzer) ប្រហែល៤០គ្រឿង។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន យោធាចិនបានបើកការធ្វើសមយុទ្ធទ្រង់ទ្រាយធំមិនធ្លាប់មាន នៅជុំវិញកោះតៃវ៉ាន់ ដែលពីដំបូងឡើយត្រូវបានគ្រោងនឹងបិទបញ្ចប់វិញ នៅថ្ងៃអាទិត្យកន្លងទៅ ប៉ុន្តែមកទល់ថ្ងៃចន្ទនេះ គឺនៅតែបន្តដដែល។ សមយុទ្ធយោធារបស់ចិននោះ គឺជាការឆ្លើយតបចំពោះការបំពេញទស្សនកិច្ចរបស់ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី នៅតៃវ៉ាន់ ដោយមិនអើពើចំពោះការព្រមានរបស់ទីក្រុងប៉េកាំង ដែលចាត់ទុកដែនកោះនេះ ត្រឹមជាផ្នែកមួយប៉ុណ្ណោះ នៃដែនដីរបស់ប្រទេសចិន៕