(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា មធ្យោបាយមួយ ដើម្បីរារាំងកុំឱ្យរុស្ស៉ីកាត់យកដីរបស់អ៊ុយក្រែន គឺក្រុមប្រទេសលោកខាងលិច ត្រូវនាំគ្នាប្រកាសហាមឃាត់ ពលរដ្ឋរុស្ស៉ីទាំងអស់ មិនឱ្យចូលប្រទេសពួកគេឡើយ ប្រសិនបើរុស្ស៉ីហ៊ានធ្វើយ៉ាងដូច្នោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Interfax នៅថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍មួយជាមួយ សារព័ត៌មាន The Washington Post ដែលចេញផ្សាយកាលពីថ្ងៃចន្ទ លោក ហ្សេលេនស្គី បានលើកឡើងថា ទណ្ឌកម្មដែលសំខាន់បំផុត គឺការបិទព្រំប្រទល់ ព្រោះរុស្ស៉ីកំពុងតែដើររំលោភយកដីអ្នកដទៃ។ លោកប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់ថា ជនជាតិរុស្ស៉ីគួររស់នៅ តែក្នុងពិភពរបស់ពួកគេទៅ រហូតទាល់តែពួកគេ អាចផ្លាស់ប្តូរគំនិតរបស់ខ្លួន។

គួរបញ្ជាក់ថា បើតាមទស្សនៈរបស់លោក ហ្សេលេនស្គី គឺជនជាតិរុស្ស៉ីទាំងអស់ គួរតែត្រូវទទួលខុសត្រូវ ចំពោះទង្វើរបស់ប្រទេសរុស្ស៉ី ព្រោះពួកគេជាអ្នកជ្រើសរើសរដ្ឋាភិបាលបច្ចុប្បន្ន ហើយមិនបានតស៊ូប្រឆាំងអ្វីឡើយ ជាមួយសកម្មភាពរបស់រដ្ឋាភិបាលខ្លួន។ ទន្ទឹមគ្នានេះ លោក ហ្សេលេនស្គី ក៏បានរិះគន់លើការដាក់ទណ្ឌកម្ម របស់លោកខាងលិចផងដែរថា មានភាពទន់ខ្សោយ និងគ្មានប្រសិទ្ធភាព៕