(សៅ ប៉ូឡូ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារសប្តាហ៍នេះ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្លាប់សត្វស្វា ក្នុងប្រទេសប្រេស៉ីល ចំពេលដែលមានការភ័យខ្លាចនៃការឆ្លងជំងឺអុតស្វា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២។

គេហទំព័រព័ត៌មានប្រេស៉ីល G1 កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានរាយការណ៍ថា សត្វស្វាចំនួន ១០ក្បាលត្រូវបានគេបំពុលសម្លាប់ ក្នុងទីក្រុង សៅ ហូសេ ដូរីយ៉ូ ប៉េត្រូ (Sao Jose do Rio Preto) ក្នុងរដ្ឋសៅ ប៉ូឡូ (Sao Paulo) ខណៈហេតុការណ៍ស្រដៀងគ្នានេះក៏បានកើតឡើង នៅក្នុងទីក្រុងផ្សេងទៀតផងដែរនៃប្រទេសប្រេស៊ីល ក្នុងរយៈពេលតិចជាង១សប្តាហ៍មកនេះ។ អ្នកនាំពាក្យអង្គការ WHO លោកស្រី ម៉ាហ្ការ៉េត ហារីស (Margaret Harris) បានប្រាប់សន្និសីទសារព័ត៌មាន ក្នុងទីក្រុងហ្សឺណែវ យ៉ាងដូច្នេះថា «មនុស្សគ្រប់គ្នាត្រូវតែដឹងថាការចម្លងជំងឺអុតស្វា (monkeypox) ដែលយើងបានឃើញឥឡូវនេះ គឺក្នុងចំណោមការឆ្លងពីមនុស្សទៅមនុស្ស»

លោកស្រី ហារីស បានបន្ថែមថា ជាការពិត ការឆ្លងអាចកើតឡើងពីសត្វទៅមនុស្ស ប៉ុន្តែឆ្លងរាលដាលនៃជំងឺអតុស្វា នាពេលថ្មីៗនេះគឺមានពាក់ព័ន្ធនឹង ទំនាក់ទំនងរវាងមនុស្សតែប៉ុណ្ណោះ ដូច្នេះមនុស្សមិនគួរធ្វើបាប ឬសម្លាប់សត្វនោះទេ។

គួរបញ្ជាក់ថា ប្រេស៉ីល បានរាយការណ៍ពីករណីឆ្លងជំងឺអុតស្វាជាង ១,៧០០ករណី ហើយក្រសួងសុខាភិបាលប្រេស៉ីល ក៏បានបញ្ជាក់ពីការស្លាប់ចំនួន ករណី ទាក់ទងនឹងជំងឺអុតស្វានេះដែរ គឺកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ។ ជនរងគ្រោះជាបុរសម្នាក់ដែលមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ និងជំងឺប្រចាំកាយច្រើនមុខ៕