(វ៉ាស៉ីនតោន)៖ កាលពីពេលកន្លងទៅនេះ ទីក្រុងប៉េកាំងបានប្រកាសដាក់ទណ្ឌកម្មទៅលើ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) ជាការឆ្លើយតបចំពោះ ការចចេសរឹងរូសរបស់លោកស្រី ក្នុងការទៅបំពេញទស្សនកិច្ច នៅកោះតៃវ៉ាន់។ ពាក់ព័ន្ធនឹងដំណឹងនៃការប្រកាសដាក់ទណ្ឌកម្មនេះ សម្រាប់លោកស្រី ផេឡូស៉ី ផ្ទាល់ គឺលោកស្រីហាក់មិនខ្វាយខ្វល់បន្តិចសោះឡើយ ហើយថែមទាំងបានសើចចំអកថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២។

កំលុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធសប្តាហ៍នេះ អមដោយវត្តមានរបស់ សមាជិកសភាតំណាងរាស្រ្តអាមេរិក ៤រូបទៀត មកពីគណបក្សប្រជាធិបតេយ្យ ដែលបានរួមដំណើរជាមួយលោកស្រី ក្នុងការបំពេញទស្សនកិច្ចនៅតំបន់អាស៉ី កាលពីសប្តាហ៍មុន លោកស្រី ផេឡូស៉ី បានផ្ទុះសំណើច នៅពេលត្រូវបានសួរអំពី សេចក្តីប្រកាសរបស់ចិនដែលថា ទីក្រុងប៉េកាំងនឹងដាក់ទណ្ឌកម្មលើ រូបលោកស្រី និងសមាជិកគ្រួសាររបស់លោកស្រី។ លោកស្រីប្រធានសភាអាមេរិក បាននិយាយទាំងអស់សំណើចយ៉ាងដូច្នេះថា «តើនរណាខ្វល់ទៅ? វាគឺជារឿងកំប៉ិកកំប៉ុកខ្លាំងណាស់សម្រាប់ខ្ញុំ ហើយមិនសមឱ្យយកមកគិតឡើយ»

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៉ី ទៅកាន់តៃវ៉ាន់ កាលពីថ្ងៃអង្គារ-ពុធសប្តាហ៍កន្លងទៅ គឺជាលើកដំបូងបំផុត ដែលមន្រ្តីជាន់ខ្ពស់អាមេរិក មានឋានៈជាប្រធានសភាតំណាងរាស្រ្ត បានទៅជាន់ដីដែនកោះនេះ គិតក្នុងរយៈពេល២៥ឆ្នាំ ចុងក្រោយ។ ជាផ្នែកមួយនៃចំណាត់ការឆ្លើយតប ក្រសួងការបរទេសចិន ក៏បានប្រកាសពីការដាក់ទណ្ឌកម្មលើលោកស្រី និងសមាជិកគ្រួសារ សម្រាប់អ្វីដែលទីក្រុងប៉េកាំងហៅថាជា «សកម្មភាពបង្កហេតុយ៉ាងគ្រោះថ្នាក់» របស់លោកស្រី តាមរយៈការមកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ដែលចិនចាត់ទុកជាដែនដីរបស់ខ្លួន៕