(វ៉ាស៊ីនតោន)៖ កាសែត Washington Post នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានរាយការណ៍ប៉ូលិស FBI បានព្យាយាមស្វែងរកឯកសារមួយចំនួន ដែលពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ នៅពេលពួកគេចុះឆែកឆេរផ្ទះរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋផ្ល័រីដា កាលពីដើមសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២។

បើតាមកាសែត Washington Post គេមិនទាន់ប្រាកដនៅឡើយទេថា តើឯកសារពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរខាងលើត្រូវបានរកឃើញ ឬត្រូវបានយកចេញពីផ្ទះលោក ត្រាំ នៅឯរមណីយដ្ឋាន ម៉ា អាឡាហ្គូ (Mar-a-Lago resort) ក្នុងទីក្រុងផាល់ ប៊ីស (Palm Beach) ដែរក៏យ៉ាងណានោះទេ។

ក៏ប៉ុន្តែ ក្រសួងយុត្តិធម៌អាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ បានស្នើឱ្យចៅក្រមម្នាក់បង្ហាញជាសាធារណៈនូវដីកាដែលអនុញ្ញាតឱ្យប៉ូលិស FBI ចុះឆែកឆេរផ្ទះលោក ត្រាំ ខណៈអតីតប្រធានាធិបតីអាមេរិករូបនេះ និងគណបក្សសាធារណរដ្ឋ ព្រមទាំងអ្នកគាំទ្ររូបលោកហៅការឆែកឆេរនេះ បានបង្កប់ចេតនយោបាយ។

គួរបញ្ជាក់ថា តាមរយៈការស្នើសុំខាងលើរបស់ក្រសួងយុត្តិធម៌អាមេរិក សាធារណជនអាចនឹងបានដឹងឆាប់ៗនេះពីព័ត៌មានបន្ថែមថា តើក្រុមអ្នកស៊ើបអង្កេតកំពុងស្វែងរកអ្វីឱ្យប្រាកដនៅក្នុងប្រតិបត្តិការឆែកឆេរផ្ទះលោក ដូណាល់ ត្រាំ។ ការស៊ើបអង្កេតរបស់ FBI ត្រូវបានគេរាយការណ៍ថា គឺជាផ្នែកមួយនៃការស៊ើបអង្កេតស្វែងរកការពិតថាតើលោក ត្រាំ ពិតជាបានលុបចោល ឬយកឯកសារចេញពីសេតវិមាន ដោយខុសច្បាប់ដែរទេ នៅពេលដែលលោកចាកចេញពីតំណែងនៅខែមករា ឆ្នាំ២០២១ ស្របពេលក្រសួងយុត្តិធម៌អាមេរិកជឿជាក់ ឯកសារទាំងនោះជាឯកសារសម្ងាត់ជាតិ៕