(ប៉េកាំង)៖ នៅថ្ងៃទី១១ ខែសីហា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីនៃសន្និសីទសារព័ត៌មានជាប្រចាំ នៃក្រសួងការបរទេសចិន។ មានអ្នកសារព័ត៌មានបានលើកសំណួរថា កាលពីពេលថ្មីៗនេះ សមាគមសិក្សាស្រាវជ្រាវសិទ្ធិមនុស្សរបស់ចិន បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវ ស្តីពីបទឧក្រិដ្ឋរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ដែលសហរដ្ឋអាមេរិកបានប្រព្រឹត្តនៅមជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

លោក Wang Wenbin បានលើកឡើងថា របាយការណ៍នេះបានលាតត្រដាងជាប្រព័ន្ធនូវ «បទឧក្រិដ្ឋរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរចំនួនបី» ដែលសហរដ្ឋអាមេរិក បានប្រព្រឹត្តនៅមជ្ឈិមបូព៌ា និងតំបន់ជុំវិញ ពោលគឺ៖ ទីមួយ គឺបំផុសសង្រ្គាមតាមទំនើងចិត្ត និងរំលោភសិទ្ធិរស់រាន និងសិទ្ធិជីវិតរបស់មនុស្ស។ ទីពីរ បង្ខិតបង្ខំឱ្យធ្វើពលកម្ម និងការដាក់ទណ្ឌកម្មឯកតោភាគី ដែលរំលោភលើសិទ្ធិអភិវឌ្ឍន៍ និងសិទ្ធិសុខភាព។ ទីបី គឺបង្ក «ការប៉ះទង្គិចផ្នែកអរិយធម៌» និងរំលោភលើសេរីភាពនៃជំនឿសាសនា។

លោក Wang Wenbin បន្តថា ឧក្រិដ្ឋកម្មរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ដែលសហរដ្ឋអាមេរិកបានប្រព្រឹត្តនៅមជ្ឈិមបូព៌ា បានបង្កផលប៉ះពាល់ដែលមិនសាបរលាប និងការខាតបង់ដែលមិនអាចប៉ះបូវ បានដល់ប្រទេសជាតិនិងប្រជាជនក្នុងតំបន់។ អ្នកវិភាគនយោបាយដែលមកពីប្រទេសជាច្រើននៅមជ្ឈិមបូព៌ា បានសម្គាល់ថា សម្រាប់សហរដ្ឋអាមេរិក សង្គ្រាមគឺជាឧបករណ៍សម្រាប់ការគ្រប់គ្រង។

អ្វីដែលអាមេរិកបំផ្លាញស្ថិរភាពរបស់ប្រទេសផ្សេងទៀត ប្រមាថនិងជិះជាន់ប្រទេសមជ្ឈិមបូព៌ាដោយយកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាលេស។ យោងតាមលទ្ធផលស្ទង់មតិនៃមជ្ឈមណ្ឌលស្រាវជ្រាវ គោលនយោបាយប្រទេសអារ៉ាប់បង្ហាញថា ជនជាតិអារ៉ាប់៨១% យល់ឃើញថា គោលនយោបាយមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក បានបង្កការគំរាមកំហែងដល់ សន្តិសុខនិងស្ថិរភាពក្នុងតំបន់។ អតីតទីប្រឹក្សាយោធាអាមេរិកប្រចាំនៅអាហ្វហ្គានីស្ថាន ក៏បានទទួលស្គាល់ថា សង្រ្គាមនៅបរទេសរបស់សហរដ្ឋអាមេរិក អស់រយៈពេលរាប់សិបឆ្នាំ មិនអើពើនឹងឆន្ទៈរបស់ប្រជាជនក្នុងតំបន់ និងបានជំរុញលទ្ធិប្រជាធិបតេយ្យតាមបែបអាមេរិក តាមពិតវាបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ។

កាសែត «ញូវយ៉កថែមស៍» អាមេរិកក៏បានធ្វើអត្ថាធិប្បាយនៅពេលខួបទី២០ នៃសង្រ្គាមនៅអាហ្វហ្គានីស្ថាន ដោយចុះផ្សាយថា សង្រ្គាមដែលអាមេរិកបំផុស បានបង្កើតឱ្យមានភេរវករកាន់តែច្រើនជាង ២០ឆ្នាំមុន៕