(ហុងកុង)៖ នៅពេលក្រុមមេដឹកនាំលោកខាងលិចចោទប្រកាន់ចិន និងរុស្ស៉ីថាកំពុងព្យាយាមបំផ្លាញសណ្ដាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ជាមូលដ្ឋាន វាបានធ្វើឱ្យគេនឹក ឃើញដល់ចំណងជើងចម្រៀងមួយបទរបស់ក្រុមតារាចម្រៀងអៀរឡង់ អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលមានចំណងជើងជាភាសាអង់គ្លេសថា «Everybody Else Is Doing It, So Why Can’t We?» ឬអាចប្រែជាភាសាខ្មែរថា «គេគ្រប់គ្នាអាចធ្វើបាន ហេតុអ្វីយើងមិនអាចធ្វើបាន»។

ក្នុងនាមជាមហាអំណាច ច្បាស់ណាស់ ចិន និងរុស្ស៉ីមានកាតព្វកិច្ច និងទំនួលខុសត្រូវចំពោះពិភពលោក ប៉ុន្តែអ្វីដែលគេមិនអាចប្រកែកបាន នោះគឺក៏មិនត្រូវទម្លាក់ ការទទួលខុសត្រូវទាំងស្រុងទៅលើប្រទេសទាំង២ នោះដែរ។ នៅក្នុងបរិបទនៃសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន និងការប្រជែងដណ្ដើមឥទ្ធិពលគ្នាធ្វើជាមេដឹកនាំពិភពលោក រវាងសហរដ្ឋអាមេរិក និងចិន វាមិនត្រឹមតែកំពុងសើរើសណ្ដាប់ធ្នាប់ពិភពលោកប៉ុណ្ណោះទេ តែវាក៏បានធ្វើឱ្យប្រទេសមួយចំនួនកែប្រែផងដែរ។

តួយ៉ាង ទោះជាស្ថិតនៅក្រោមការរឹតត្បិតដោយរដ្ឋធម្មនុញ្ញសន្តិនិយមក៏ដោយ ក៏ប៉ុន្តែជប៉ុ នបាន និងកំពុងសម្ងំអភិវឌ្ឍ និងពង្រឹងសមត្ថភាពយោធារបស់ខ្លួនគួរឱ្យកត់សម្គាល់ ជាមួយការបង្កើនកញ្ចប់ថវិកាយោធាប្រចាំជាបន្តបន្ទាប់ ដែលនេះក៏មានន័យដែរថាជប៉ុនបានសើរើឡើងវិញនូវនយោបាយការពារជាតិ និងបានភ្ញាក់ខ្លួនថាមិនអាចបន្តផ្ដេកផ្ដួល ចាំតែឱ្យសហរដ្ឋអាមេរិកការពារសន្តិសុខជាតិរបស់ខ្លួនតទៅទៀតបានឡើយ។ ជប៉ុនបានក្លាយជាមហាអំណាចលេចមុខថ្មី និងមានតួនាទីកាន់តែសំខាន់នៅលើឆាកអន្តរជាតិ ហើយដើម្បីដើរមកដល់ចំណុចនេះ ជប៉ុនបានងាកចេញពីការផ្ដោតហួសហេតុតែទៅលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការពឹងផ្អែកតែលើការជួយ ឬការការពារពីបរទេស។

រឿងដូចគ្នានេះ ក៏បានកើតឡើងលើប្រទេសអាល្លឺម៉ង់ផងដែរ។ ក្រោយរងការរិះគន់ពីណាតូ ជាពិសេសពីសហរដ្ឋអាមេរិក ពាក់់ព័ន្ធនឹងកញ្ចប់ថវិកាយោធា គួបផ្សំនឹងសង្រ្គាម នៅអ៊ុយក្រែន អាល្លឺម៉ង់បានប្រកាសបង្កើនកញ្ចប់ថវិកាយោធាច្រើនជាង ២ភាគរយ នៃទិន្នផលផលិតផលនៅក្នុងស្រុក (GDP) ប្រចាំឆ្នាំរបស់ខ្លួន។ បានន័យថាកញ្ចប់ថវិកា យោធារបស់អាល្លឺម៉ង់ ត្រូវបានបង្កើនទ្វេដងពី ៤៧ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០២១ រហូតដល់ទៅ ១០០ពាន់លានអឺរ៉ូ ឬ ១០២ពាន់លានដុល្លារក្នុងឆ្នាំ២០២២នេះដែលជាកញ្ចប់ ថវិកាយោធាធំបំផុតមិនធ្លាប់មានសម្រាប់អាល្លឺម៉ង់។

ជាការពិតណាស់ សហរដ្ឋអាមេរិកបានធ្វើរឿងល្អជាច្រើនសម្រាប់ពិភពលោក តែនៅពីក្រោយរឿងល្អទាំងនោះ សហរដ្ឋអាមេរិកខ្លួនឯង ក៏ជាអ្នកទទួលខុសត្រូវចំពោះវិបត្តិ និងការប្រែប្រួលសណ្ដាប់ធ្នាប់ពិភពលោកសព្វថ្ងៃដែរ ដូចដែលអ្នកវិទ្យាសាស្ត្រនយោបាយអាមេរិក លោក ចន មៀសៃមឺ (John Mearsheimer) ធ្លាប់រិះគន់ថាសង្រ្គាមនៅ អ៊ុយក្រែន គឺជាវិបត្តិដែលសហរដ្ឋអាមេរិក និងអឺរ៉ុបខ្លួនឯងជាអ្នកបង្កើតឡើង។ នៅក្រោមអាណត្តិលោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកបានធ្វើរឿងជាច្រើនដែលធ្វើឱ្យខ្លួន បាត់បង់ប្រជាប្រិយភាពក្នុងនាមជាមេដឹកនាំពិភពលោក ក្នុងនោះរួមមានទាំងការដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងស្ថាប័នអន្តរជាតិសំខាន់ៗមួយចំនួន។ លោក ត្រាំ ក៏បានបង្ហាញឱ្យគេគ្រប់គ្នាឃើញដែរថាសហរដ្ឋអាមេរិកហ៊ានទាំងបោះបង់ចោលស្ថាប័នអន្តរជាតិសំខាន់ៗ ដូចជាអង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក និងអង្គការពាណិជ្ជកម្មពិភពលោក។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន បែរជាត្រូវការអង្គការទាំងនេះវិញ នៅពេលដែលបម្រើដល់ផលប្រយោជន៍អាមេរិក។

នៅពេលបណ្ដាប្រទេសលោកខាងលិចនាំគ្នាថ្កោលទោសការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ហើយនៅក្រោមច្បាប់អន្តរជាតិ ទង្វើរបស់រុស្ស៉ីពិតជាបំពានច្បាប់អន្តរជាតិ យ៉ាងធ្ងន់ធ្ងរ។ ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នា ពួកគេហាក់ដូចជាបានបានបំភ្លេចចោលអតីតកាលរបស់សហរដ្ឋអាមេរិកដែលបានធ្វើអន្តរាគមន៍យោធានៅជុំវិញពិភពលោក ដោយក្នុងនោះកាលពីជាង២១ឆ្នាំមុន អាមេរិកមិនមែនឈ្លានពានប្រទេសមួយនោះទេ តែដល់ទៅ ២ប្រទេសគឺ អ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថាន។ ម្យ៉ាងវិញទៀត ខណៈបណ្ដា ប្រទេសលោកខាងលិចសន្យាជួយអ៊ុយក្រែន ក្នុងនាមការពារសណ្ដាប់ធ្នាប់ពិភពលោក បណ្ដាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍក៏បានធ្លាក់ចូលនៅក្នុងវិបត្តិបំណុលវ័ណ្ឌកផងដែរ ដោយបើតាមអង្គការរូបិយវត្ថុអន្តរជាតិ បច្ចុប្បន្នប្រទេសជាង ៥០ មិនមានលទ្ធភាពសងបំណុលឡើយ បើគ្មានជំនួយពីខាងក្រៅ។

សង្រ្គាមនៅអ៊ុយក្រែន វាក៏បានបង្ហាញដែរថាប្រទេសប្រជាធិបតេយ្យ និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនបែរជាក្លាយជាដៃគូមិនអាចពឹងពាក់បានទៅវិញ ក្នុងនោះរួមមាន ទាំងប្រទេសហុងគ្រី នៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី វ៉ិចទ័រ អ័របាន (Viktor Orban) តួកគីនៅក្រោមការដឹកនាំរបស់លោក អឺដូហា្កន់ និងឥណ្ឌារបស់ លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី។ សំខាន់ជាងនេះទៅទៀត បន្ទាប់ពីរួមរស់ជាមួយគ្នាដោយសុខសាន្តអស់រយៈពេលរាប់ទសវត្សរ៍ អូស្ត្រាលីបានប្រកាសចាត់ទុកចិន ជាសត្រូវ។ ក្នុងសេចក្ដីថ្លែងការណ៍រួមកាលពីខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិក និងអូស្តា្រលី បានសង្កត់ធ្ងន់ថា «ប្រទេសទាំង២ នឹងធ្វើការងាររួមគ្នាដើម្បីអភិវឌ្ឍអនុសាសន៍ នានា សំដៅលើកកម្ពស់សន្តិសុខ និងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងដើម្បីកំញើញសត្រូវរបស់ពួកយើង»។ មនុស្សទូទៅសុទ្ធតែដឹងថាពាក្យថាសត្រូវនេះ អាមេរិក និងអូស្ត្រាលីចង់សំដៅលើនរណា។

សរុបមកវិញ នៅពេលណាមួយដែលនរណាម្នាក់តែងតែអះអាងថាការពារប្រព័ន្ធមួយ ហើយពួកគេខ្លួនឯងជាអ្នកធ្វេសប្រហែសដោយបានដើរចេញឆ្ងាយបន្តិចម្ដងៗពីប្រព័ន្ធ ដែលពួកគេបានបង្កើតឡើង និងត្រូវការវា តែនៅពេលមានប្រយោជន៍សម្រាប់ពួកគេ នោះវាពិបាកណាស់ក្នុងការបញ្ចុះបញ្ចូលកុំឱ្យអ្នកដទៃធ្វើរឿងនេះ រឿងនោះដូចដែល សង្រ្គាមអ៊ុយក្រែនបានបង្ហាញរួចទៅហើយថាក្រៅពីបណ្ដាប្រទេសលោកខាងលិច ប្រទេសនៅតាមតំបន់ដទៃដូចជានៅមជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ី មានមួយភាគធំសុខចិត្ត ជ្រើសរើសនៅឱ្យឆ្ងាយពីសង្រ្គាមត្រជាក់ថ្មីរបស់ពួកមហាអំណាច៕