(ប៉េកាំង)៖ ក្រសួងការបរទេសចិន កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា ខ្លួនបានដាក់ទណ្ឌកម្មទៅលើ អនុរដ្ឋមន្រ្តីដឹកជញ្ជូន និងទំនាក់ទំនងនៃប្រទេសលីទុយអានី លោកស្រី អាកណេ វ៉ៃស៊ូកេវីឈូត (Agne Vaiciukeviciute) សម្រាប់ការបំពេញទស្សនកិច្ច នៅកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២។

ក្រសួងការបរទេសចិនបានបន្ថែមថា ទីក្រុងប៉េកាំងក៏នឹងផ្អាកការធ្វើប្រាស្រ័យទាក់ទង ជាមួយក្រសួងដឹកជញ្ជូននិងទំនាក់ទំនងរបស់លីទុយអានី ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យដឹកញ្ជូន ជាមួយប្រទេសអឺរ៉ុបមួយនេះទៀតផង។ ឆ្លើយតបនឹងសេចក្តីប្រកាសរបស់ចិន ក្រសួងដឹកជញ្ជូននិងទំនាក់ទំនងរបស់លីទុយអានី ក៏បានចេញសេចក្តីថ្លែងការណ៍ បង្ហាញការសោកស្តាយផងដែរ។

គួរបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់គឺជាផ្នែកមួយ នៃដែនដីរបស់ខ្លួន និងប្រកាន់ជំហរប្រឆាំងដាច់ខាត ចំពោះការបំពេញទស្សនកិច្ចរបស់ ក្រុមអ្នកនយោបាយបរទេស មកកាន់ដែនកោះនេះ។ ការបង្កើនទំនាក់ទំនងមួយរយៈចុងក្រោយ របស់លីទុយអានីជាមួយតៃវ៉ាន់ បានធ្វើឱ្យទីក្រុងប៉េកាំងមានការខឹងសម្បារជាខ្លាំង ជាហេតុនាំឱ្យការនាំចូលទំនិញពីលីទុយអានី មកកាន់ចិន បានធ្លាក់ចុះសឹងដល់សូន្យ នៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ ហើយចិនបានបន្ទាបកម្រិតទំនាក់ទំនងការទូត ជាមួយលីទុយអានី ថែមទៀតផង៕