(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទនេះ បានផ្ញើរសារចូលរួមអបអរសាទរជូនចំពោះ ប្រធានាធិបតីឥណ្ឌា លោកស្រី ដ្រោប៉ាឌី ម៊ួម៉ា (Draupadi Murma) ក៏ដូចជានាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិន ដ្រាម៉ូឌី (Narendra Modi) ក្នុងឱកាសខួបលើកទី ៧៥ នៃការទទួលបានឯករាជ្យរបស់សាធារណរដ្ឋឥណ្ឌា។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២។

លិខិតអបអរសាទរដែលបានចេញផ្សាយ តាមគេហទំព័ររបស់វិមានក្រឹមឡាំង គឺមានខ្លឹមសារយ៉ាងដូច្នេះថា «ក្នុងរយៈពេលជាច្រើនទស្សវត្សន៍ ចាប់តាំងពីទទួលបានឯករាជ្យពេញលេញ ឥណ្ឌាសម្រេចបាននូវវឌ្ឍនភាពក្នុងវិស័យជាច្រើន រួមទាំងការទទួលបាននូវសិទ្ធិអំណាចយ៉ាងសន្ធឹកសន្ធាប់ នៅលើឆាកអន្តរជាតិ ដោយការដើរតួនាទីជា អ្នកស្ថាបនាដោះស្រាយបញ្ហានានា»

លោក ពូទីន បានគូសបញ្ជាក់ថា «ទំនាក់ទំនងរុស្ស៉ី-ឥណ្ឌា កំពុងអភិវឌ្ឍន៍ក្នុងស្មារតីជាដៃគូយុទ្ធសាស្រ្ត។ ខ្ញុំប្រាកដណាស់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង នឹងធានាដល់ការបន្តបាននូវកិច្ចខិតខំប្រឹងប្រែង ប្រកបដោយផ្លែផ្កា សម្រាប់ប្រជាជាតិយើងទាំងពីរ ក៏ដូចជាបមប្រើផលប្រយោជន៍នៃការពង្រឹងសន្តិសុខ និងស្ថិរភាពក្នុងតំបន់ រួមទាំងពិភពលោកទាំងមូល»

គួរបញ្ជាក់ថា ឥណ្ឌា បានប្រារព្ធទិវាទទួលបានឯករាជ្យជាលើកដំបូង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៧ ក្រោមវត្តមាននាយករដ្ឋមន្រ្តីទី១ គឺលោក ចាវ៉ាហាឡាល ណេហ៍រូ (Jawaharlal Nehru) ដោយការលើកទង់ជាតិបីពណ៌ ដោតលើប្រាសាទក្រហម ដែលបានក្លាយជានិមិត្តរូបនៃការដកអាណានិគមរបស់អង់គ្លេស៕