(កូឡុំបូ)៖ ការិយាល័យប្រធានាធិបតីស្រីលង្កានាថ្ងៃពុធនេះ បានចេញសេចក្តីថ្លែងការណ៍ថា ប្រទេសស្រីលង្កានឹងមិនបន្តស្ថិតក្រោម ភាពអាសន្នទៀតឡើយ បន្ទាប់ពីស្ថានភាពនៅក្នុងប្រទេសដែនកោះមួយនេះ ហាក់ចាប់ផ្តើមមានស្ថិរភាពឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២។

ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) បានប្រកាសឱ្យអនុវត្តច្បាប់គ្រាអាសន្នដ៏តឹងរ៉ឹងនោះ នៅរយៈពេល៤ថ្ងៃ បន្ទាប់ពីអតីតប្រធានាធិបតី លោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) បានរត់ភៀសខ្លួនទៅក្រៅប្រទេស ហើយលាលែងពីតំណែង នៅថ្ងៃទី១៤ ខែកុម្ភៈ បន្ទាប់ពីការធ្វើបាតុកម្មដែលអូសបន្លាយរាប់ខែ ចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។

ច្បាប់គ្រាអាសន្ន ដែលលោក វីគ្រីមេស៉ីងហ្កេ បានដាក់ចេញ ដើម្បីគ្រប់គ្រងស្ថានភាពវឹកវរ នៅក្នុងប្រទេស គឺនឹងត្រូវផុតសុពលភាព នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយលោកមានអំណាច ដើម្បីបន្តសុពលភាពរបស់វា ជារៀងរាល់ខែ។ យ៉ាងណាមិញ បើយោងតាមការិយាល័យរបស់លោក លោកប្រធានាធិបតីបានមើលឃើញថា ស្ថានការណ៍បច្ចុប្បន្ន ហាក់ចាប់ផ្តើមមានស្ថិរភាពគ្រាន់បើហើយ ដែលមិនមានការចាំបាច់អ្វី ដើម្បីបន្តដាក់ប្រទេសឱ្យនៅក្រោម ភាពអាសន្នទៀតនោះទេ។

នៅក្រោមច្បាប់គ្រាអាសន្ន ទាហាននិងប៉ូលិសស្រីលង្កា អាចចាប់ខ្លួននិងឃុំឃាំងជនសង្ស័យ សម្រាប់រយៈពេលយូរជាងធម្មតា។ ប៉ុន្តែក្រុមសិទ្ធិមនុស្សបានរិះគន់វាថា អនុញ្ញាតឱ្យប្រធានាធិបតីមានអំណាចលើសលប់ និងរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាជន។

គួរបញ្ជាក់ថា ចាប់តាំងពីចុងឆ្នាំមុនមក ប្រទេសដែលមានប្រជាជន២២លាននាក់នេះ បានជួបប្រទះនូវបញ្ហាខ្វះខាតទំនិញចាំបាច់ ដូចជាស្បៀងអាហារ ឥន្ធនៈ និងឱសថ ជាដើម បន្ទាប់ពីស្រីលង្កាអស់លទ្ធភាពដោះដូររូបិយបណ្ណបរទេស ដើម្បីចំណាយលើការនាំចូលទំនិញសំខាន់ៗ។ រីឯខណៈនេះ ស្រីលង្កាក៏កំពុងប្រឈម បញ្ហាកើនឡើងអតិផរណាខ្ពស់កប់ពពកផងដែរ៕