(ដាម៉ាស់)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋាភិបាលស៉ីរីបានចេញមុខបដិសេធថា ខ្លួនមិនបានចាប់ជំរិតឬមួយក៏ឃុំឃាំង អ្នកកាសែតអាមេរិកម្នាក់ ដែលបានបាត់ខ្លួនអស់រយៈពេល ១ទសវត្សរ៍មកហើយ នោះឡើយ បន្ទាប់ពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបានទាមទារឱ្យទីក្រុងដាម៉ាស ដោះលែងរូបលោកត្រឡប់មកមាតុភូមិវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២។

លោក អូស្ទីន ថាយ (Austin Tice) ដែលជាអតីតទាហានអាមេរិក និងមានការងារជាអ្នកកាសែតក្រៅក្របខណ្ឌ ត្រូវបានគេចាប់ជំរិត កាលពីខែសីហា ឆ្នាំ២០១២ ក្នុងវ័យ៣១ឆ្នាំ នៅពេលកំពុងធ្វើសកម្មភាពរាយការណ៍ព័ត៌មាន ចេញពីរដ្ឋធានីដាម៉ាសនៃប្រទេសស៉ីរី ស្តីពីចលនាបះបោរប្រឆាំងនឹង ប្រធានាធិបតីស៉ីរី លោក បាស្សារ អាល់ អាស្សាដ (Bashar al-Assad) នាពេលនោះ។

គ្រួសាររបស់លោក Tice ជឿជាក់ថា បច្ចុប្បន្នរូបលោកនៅមានជីវិតនៅឡើយ ហើយកំពុងស្ថិតក្រោមការឃុំឃាំង នៅក្នុងប្រទេសស៉ីរី។ រហូតមកទល់ពេលនេះ អត្តសញ្ញាណនៃក្រុមអ្នកចាប់ជំរិតលោក Tice គឺមិនទាន់ត្រូវបានដឹងច្បាស់ឡើយ ហើយក៏មិនមានឃើញក្រុមណាមួយ ចេញមុខអះអាងទទួលខុសត្រូវថា ជាទង្វើរបស់ពួកគេនោះដែរ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក ចូ បៃដិន បានចេញសេចក្តីថ្លែងការណ៍មួយ នាឱកាសខួប១០ឆ្នាំ នៃការបាត់ខ្លួនរបស់ លោក Tice ហើយលោក បៃដិន បានអះអាងថា ទីក្រុងវ៉ាស៉ីនតោនដឹងច្បាស់ថា លោក Tice ត្រូវបានឃុំឃាំងដោយរដ្ឋាភិបាលស៉ីរី។ លោកប្រធានាធិបតិអាមេរិក បានបន្ថែមទៀតថា រដ្ឋបាលរបស់លោក បានព្យាយាមស្នើហើយស្នើទៀត ដើម្បីសុំការសហការពីរុស្ស៉ី ក្រោមគោលដៅនាំយក លោក Tice ត្រឡប់មកមាតុប្រទេសវិញ។ យ៉ាងណាក្តី កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រសួងការបរទេសស៉ីរី បានចេញមុខបដិសេធថា រដ្ឋាភិបាលស៉ីរី មិនបានចាប់ជំរិត ឬឃុំឃាំងលោក Tice ឬមួយក៏ពលរដ្ឋអាមេរិកណាម្នាក់ឡើយ៕