(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបានសម្រេចដាក់ចេញ យុទ្ធនាការទូទាំងប្រទេស ដែលមានគោលដៅជំរុញឱ្យ ប្រជាជនវ័យក្មេងរបស់ខ្លួន មានចំណង់ចំណូលចិត្តទទួលទាន គ្រឿងស្រវឹងខ្លាំងជាងមុន ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ច បន្ទាប់ពីការប្រមូលពន្ធប្រាក់ចំណូលពី ឧស្សាហកម្មគ្រឿងស្រវឹង មានការធ្លាក់ចុះខ្លាំង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sky News នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២។

យុទ្ធនាការទ្រង់ទ្រាយធំមួយ មានឈ្មោះថា សាកេ វីវ៉ា (Sake Viva) របស់ទីភ្នាក់ងារពន្ធដារនៃប្រទេសជប៉ុន ដែលនឹងដំណើរការរហូតដល់ថ្ងៃទី៩ ខែកញ្ញា ខាងមុខ បានស្នើឱ្យប្រជាជនដែលស្ថិតក្នុងវ័យ ចន្លោះ ២០-៣៩ឆ្នាំ ជួយផ្តល់គំនិតរបស់ពួកគេសម្រាប់ ការបង្កើតនិងរចនា ផលិតផលគ្រឿងស្រវឹងថ្មីៗ មិនថាជាស្រាសាកេ (ស្រាអង្ករ), ស្រាវីស្គី, ស្រាក្រហម ឬក៏ស្រាបៀរនោះឡើយ ដើម្បីបំផុសឱ្យមាន ការចង់ទទួលទានគ្រឿងស្រវឹងខ្លាំងជាងមុន ក្នុងចំណោមប្រជាជនវ័យក្មេងៗ របស់ជប៉ុន។

វែបសាយនៃយុទ្ធនាការខាងលើ បានលើកឡើងយ៉ាងដូច្នេះថា «ទីផ្សារគ្រឿងស្រវឹងក្នុងស្រុក កំពុងតែរួមតូចទៅៗ ដោយសារតែ ការប្រែប្រួលនៃស្ថានភាពប្រជាសាស្រ្ត នៅក្នុងប្រទេសជប៉ុន និងការផ្លាស់ប្តូររបៀបរស់នៅ របស់ប្រជាជនជប៉ុន។ ក្នុងគម្រោងនេះ យើងនឹងសុំគំនិតពីប្រជាជនវ័យក្មេងរបស់យើង សម្រាប់ការអភិវឌ្ឍនិងផ្សព្វផ្សាយ នៃគ្រឿងស្រវឹងរបស់ជប៉ុន ហើយទន្ទឹមគ្នាដែរ វានឹងអាចជួយស្តារឧស្សាហកម្មនេះឡើងវិញ»

គួរបញ្ជាក់ថា យោងតាមសារព័ត៌មាន The Japan Times ការប្រមូលពន្ធលើ ផលិតផលគ្រឿងស្រវឹង បានចូលរួមចំណែក៥ភាគរយ នៃចំណូលជាតិសរុបរបស់ប្រទេសជប៉ុន កាលពីឆ្នាំ១៩៨០ ប៉ុន្តែតួលេខនេះបានថយមកនៅត្រឹម ១.៧ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ២០២០៕