(វែលីងតោន)៖ អភិបាលក្រុងណិលសុន (Nelson) នៃប្រទេសនូវែលសេឡង់ បាននិយាយនៅថ្ងៃសុក្រនេះថា ទីក្រុងដែលរងការបំផ្លិចបំផ្លាញដោយទឹកជំនន់ធ្ងន់ធ្ងរមួយនេះ អាចនឹងត្រូវចំណាយពេលច្រើនឆ្នាំ ដើម្បីធ្វើការស្តារឡើងវិញបាន ខណៈដែលប្រជាជនរាប់រយគ្រួសារ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេ។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២។

អភិបាលក្រុងណិលសុន លោកស្រី រ៉ាឆែល រីស៉ី (Rachel Reese) បាននិយាយថា ការខូចខាតផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុង នឹងត្រូវចំណាយពេលច្រើនឆ្នាំ មិនមែនរាប់ខែនោះទេ ដើម្បីធ្វើការស្តារនិងជួសជុលឡើងវិញ។ លោកស្រី រីស៉ី បានបន្ថែមថា «វាជារឿងដ៏សំខាន់ដែលអ្នកស្រុកនៅទីក្រុងណិលសុន គួរតែរក្សាទឹកសម្រាប់ប្រើប្រាស់ ខណៈការផ្គត់ផ្គង់ទឹកក្នុងទីក្រុងត្រូវបានរំខាន ដោយការរអិលបាក់ដីដែលបានបំផ្លាញអាងស្តុកទឹកពីរកន្លែងដ៏សំខាន់។

គួរបញ្ជាក់ថា ប្រទេសនៅក្នុងតំបន់ប៉ាស៉ីហ្វិកមួយនេះ បានទទួលរងនូវអាកាសធាតុដ៏អាក្រក់ដែលបណ្តាលឲ្យ តំបន់ណិលសុន-ថាស់មែន (Nelson-Tasman) នៃកោះខាងត្បូង ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្រោយពីមានភ្លៀងធ្លាក់កម្រិត ៧៥សង់ទីម៉ែត្រ ក្នុងរយៈពេល៣ថ្ងៃមកនេះ។ ផ្លូវជាច្រើនក្នុងទីក្រុងណិលសុន ត្រូវបានជន់លិច បន្ទាប់ពីច្រាំងទន្លេ ម៉ៃតៃ (Maitai) បានបាក់ ស្របពេលប្រជាជនជាង ៤០០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព៕