(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) នៅក្នុងសប្ដាហ៍នេះបានបង្ហើបពីផែនការមួយដែលបង្ហាញពីមូលដ្ឋាននៃយុទ្ធសាស្ត្ររបស់ លោកចំពោះកូរ៉េខាងជើង។ នៅក្រោមផែនការនេះ កូរ៉េខាងត្បូងបានសន្យាផ្ដល់ជំនួយសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគ ជាថ្នូរឱ្យកូរ៉េខាងជើងបោះជំហានយ៉ាងពិត ប្រាកដក្នុងការរំសាយអាវុធនុយក្លេអ៊ែរ។ ក៏ប៉ុន្តែ បញ្ហាគឺនៅត្រង់ថាផែនការនេះធ្លាប់បានទទួលបរាជ័យជាច្រើនលើក ហើយនៅលើកនេះក៏នឹងប្រហែលជាមិនទទួលជោគជ័យ នោះដែរ។

នៅក្នុងសុន្ទរកថារំឮកខួបលើកទី៧៧ នៃការបិទបញ្ចប់អាណានិគមរបស់ជប៉ុនលើតំបន់ឧបទ្វីបកូរ៉េ កាលពីថ្ងៃទី១៥ ខែសីហានេះ លោក យូន ស៊ុកយុល បានសន្យាថានឹងជួយ ស្ដារសេដ្ឋកិច្ច រួមទាំងជីវភាពរស់នៅរបស់ប្រជាជនកូរ៉េខាងជើង ប្រសិនបើរបបដឹកនាំលោក គីម ជុងអ៊ុន យល់ព្រមបញ្ឈប់កម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងបោះជំហានយ៉ាង ពិតប្រាកដក្នុងការរំសាយអាវុធនុយក្លេអ៊ែរ។ បានន័យថាកូរ៉េខាងជើងនឹងទទួលបានជំនួយសេដ្ឋកិច្ច ទាល់តែទីក្រុងព្យុងយ៉ាងចាត់វិធានការរំសាយអាវុធនុយក្លេអ៊ែរជាមុនសិន។

អស់រយៈពេលជាច្រើនឆ្នាំមកនេះ កូរ៉េខាងជើងបានច្រានចោលរាល់សំណើដែលចង់ឱ្យខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរជាមុនសិន មុននឹងទទួលបានសម្បទានសេដ្ឋកិច្ចពី សហរដ្ឋអាមេរិក ឬកូរ៉េខាងត្បូង។ ជំហរបែបនេះនៅតែដដែល ដោយប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គឺអ្នកនាង គីម យូជុង នៅថ្ងៃទី១៩ ខែសីហានេះបាននិយាយថាកូរ៉េខាងជើង នឹងមិនទទួលយកជំនួយសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ជាថ្នូរនឹងការបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ ហើយថែមទាំងបានប្រាប់ឱ្យប្រធានាធិបតីកូរ៉េខាងត្បូងបិទមាត់នៅឱ្យ ស្ងៀមទៀតផង។

ការសន្យាផ្ដល់សម្បទានសេដ្ឋកិច្ចជាថ្នូរឱ្យកូរ៉េខាងជើង បោះចោលអាវុធនុយក្លេអ៊ែរមិនមែនជារឿងថ្មីថ្មោងនោះទេ ហើយវាក៏ជារឿងដែលពិបាកនឹងទៅរួចដែរ ខណៈជារឿយៗ កូរ៉េខាងជើង តែងតែចោទថាកូរ៉េខាងត្បូង និងអាមេរិកចង់យកសេដ្ឋកិច្ចមកគ្រប់គ្រងកូរ៉េខាងជើង មិនមែនធ្វើសមាហរណកម្មសេដ្ឋកិច្ចកូរ៉េនោះទេ។ រដ្ឋបាល អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានសន្យាបែបនេះជាមួយកូរ៉េខាងជើងដែរ។ កំឡុងកិច្ចចរចាកាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ លោក ដូណាល់ ត្រាំ បានសន្យាផ្ដល់ជំនួយសេដ្ឋកិច្ច ដែលនឹងធ្វើឱ្យកូរ៉េខាងជើងកា្លយជាប្រទេសមានសេដ្ឋកិច្ចជឿនលឿនដូចជាបណ្ដាប្រទេសលោកខាងលិច ឬដូចជាកូរ៉េខាងត្បូង ជាឧទាហរណ៍ស្រាប់។ ប៉ុន្តែ សម្រាប់លោក គីម ជុងអ៊ុន សន្តិសុខ និងអាយុជីវិតនៃរបបដឹកនាំរបស់លោកមិនអាចយកលុយដុល្លារអាមេរិក មកប្រៀបផ្ទឹមបានឡើយ ហើយ ដើម្បីអាចការពាររបបដឹកនាំ និងអនាគតគ្រួសារត្រកូល គីម ច្បាស់ណាស់លោក គីម ត្រូវការអាវុធនុយក្លេអ៊ែរជាចាំបាច់ ទើបលោកមានអារម្មណ៍ថាមានសុវត្ថិភាព។

មនុស្សមួយចំនួនគិតថាសេដ្ឋកិច្ចកូរ៉េខាងជើង មានសភាពយ៉ាប់យ៉ឺនអស់រយៈពេលរាប់ទសវត្សរ៍ ចុះហេតុអ្វីបានជាទីក្រុងព្យុងយ៉ាងមិនព្រមយកគំរូតាមវៀតណាម ឬចិន ដើម្បីបើកចំហទ្វារសេដ្ឋកិច្ច? ជាទូទៅ ប្រទេសណាក៏ចង់បានសេដ្ឋកិច្ចរីកចម្រើនដែរ។ តែករណីកូរ៉េខាងជើង យោធាត្រូវតែដើរមុន ហើយការបើកចំហទ្វារទទួលយកជំនួយសេដ្ឋកិច្ច ជាថ្នូរនឹងការរំសាយអាវុធនុយក្លេអ៊ែរ វាគឺជារឿងប្រថុយគ្រោះថ្នាក់ខ្ពស់បំផុត។ ពោលគឺគ្មាននរណាម្នាក់អាចធានាបានឡើយថាតើលោក គីម ជុងអ៊ុន នៅតែអាចបន្តកាន់អំណាចបានទេ នៅក្រោយបោះបង់ចោលអាវុធនុយក្លេអ៊ែរ? បើតាមអ្នកជំនាញភាគច្រើន កូរ៉េខាងជើងនឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរទេ ហើយមានតែប្រឹងអភិវឌ្ឍទ្វេដង ដ្បិតរបបដឹកនាំគ្រួសារត្រកូល គីម បានរៀនសូត្រមេរៀនជាច្រើនពីលោកខាងលិច។
អ៊ុយក្រែនយល់ព្រមបោះចោលអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការធានាសន្តិសុខពីសហរដ្ឋអាមេរិក និងអង់គ្លេស និងពាក្យសន្យាមិនឈ្លានពានពីរុស្ស៉ី តែចុងក្រោយអ៊ុយក្រែននៅតែត្រូវបានរុស្ស៉ីឈ្លានពាន។ អតីតមេដឹកនាំលីប៊ី លោក ហ្កាដាហ្វី បានបញ្ឈប់កម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក តែនៅចុងបញ្ចប់លោក ហ្កាដាហ្វី បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយអន្តរាគមន៍យោធារបស់ណាតូ។

លើសពីនេះទៅទៀត អ្វីដែលគេមិនត្រូវភ្លេច នោះគឺជាលក្ខណបច្ចេកទេស កូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅតែបន្តស្ថិតក្នុងស្ថានភាពសង្រ្គាមនៅឡើយ។ ពីព្រោះសង្រ្គាម កូរ៉េ បានបិទបញ្ចប់ទៅដោយត្រឹមបទឈប់បាញ់មួយតែប៉ុណ្ណោះ មិនមែនជាសន្ធិសញ្ញាសន្តិភាពអ្វីនោះទេ។ ម្យ៉ាងវិញទៀត ក្នុងកែវភ្នែក លោក គីម ជុងអ៊ុន សហរដ្ឋអាមេរិក នៅតែជាការគំរាមកំហែងដ៏ធំដល់របបដឹកនាំរបស់លោក ហើយតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ច្បាស់ណាស់ទីក្រុងព្យុងយ៉ាងមើលឃើញថាអាមេរិកជាប្រទេស ឈ្លានពាន សម្លាប់ប្រជាជនរបស់ខ្លួនរាប់ម៉ឺននាក់ និងបំផ្លិចបំផ្លាញទីក្រុងជាច្រើនរបស់ខ្លួនកាលពីអតីតកាល ក៏ដូចជាបន្សល់ទុកភាពឈឺចាប់ដល់ប្រជាជនកូរ៉េខាងជើង មកទល់នឹងសព្វថ្ងៃ។

ការយល់ឃើញទាំងនេះនឹងមិនងាយរលាយបាត់ទេ ហើយវាអាចឱ្យគេយល់បានដែរថាកូរ៉េខាងជើងនឹងមិនបោះចោលអាវុធនុយក្លេអ៊ែរ ដើម្បីដូរជាមួយលុយទេ។ តែទោះ ជាបែបនេះក្ដី អ្នកជំនាញខាងកិច្ចការកូរ៉េខាងជើងដូចជាលោកស្រី ហ្កាប្រ៊ីយែល បឺណល់ (Gabriela Bernal) សង្កត់ធ្ងន់ថាសហរដ្ឋអាមេរិក ឬកូរ៉េខាងត្បូងគួរតែផ្ដោតលើ ការកសាងទំនុកចិត្តលើគ្នាទៅវិញទៅមក និងការភ្ជាប់ទំនាក់ទំនងជាប្រចាំជាមួយកូរ៉េខាងជើង។ ដ្បិតទោះជាសហរដ្ឋអាមេរិក កំពុងផ្ដោតលើសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ក៏ដោយ ក៏ការគំរាមកំហែងពីកូរ៉េខាងជើងនៅតែជាគ្រោះថ្នាក់ធំសម្រាប់តំបន់ និងពិភពលោកទាំងមូល។ លោកស្រីបន្ថែមថាបើសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម មួយផ្នែក និងបោះជំហានពិតប្រាកដ ក្នុងការស្ដារទំនាក់ទំនងជាមួយកូរ៉េខាងជើង នោះលោក គីម ជុងអ៊ុននឹងឆ្លើយតបជាវិជ្ជមាន។

អាទិភាពរបស់កូរ៉េខាងជើង នោះគឺអាវុធនុយក្លេអ៊ែរ ហើយពួកគេនឹងមិនផ្លាស់ប្ដូរដោយងាយៗនោះទេ។ ដូច្នេះបើមិនទទួលស្គាល់ការពិតនេះទេ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងសហគមន៍អន្តរជាតិទាំងមូលនឹងបន្តការយល់ខុសចំពោះកូរ៉េខាងជើង ខ្ជះខ្ជាយពេលវេលា និងមានតែធ្វើឱ្យស្ថានភាពសន្តិសុខនៅលើឧបទ្វីបកូរ៉េ និងក្នុងតំបន់ទាំងមូលកាន់តែអាក្រក់ឡើងប៉ុណ្ណោះ៕