(ញូយ៉ក)៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក សៃហ្វូដឌីន អាប់ឌុលឡោះ (Saifuddin Abdullah) បាននិយាយថាបណ្ដាប្រទេសជាសមាជិកអាស៊ានត្រូវតែធ្វើ ការសម្រេចចិត្តថាតើពួកគេត្រូវបន្តជំរុញឱ្យអនុវត្តផែនការសន្តិភាព ៥ចំណុចសម្រាប់មីយ៉ាន់ម៉ា ឬក៏សម្រេចចិត្តធ្វើអ្វីបន្ទាប់ទៀត នៅមុនមេដឹកនាំអាស៊ានជួបប្រជុំគ្នា នៅខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។

លោក អាប់ឌុលឡោះ ធ្វើការកត់សម្គាល់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន នាឱកាសនៃការជួបជុំគ្នាប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោកនៅឯមហាសន្និបាត UN ក្នុងទីក្រុងញូយ៉ក នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ចាប់ពីពេលនេះ និងនៅមុនកិច្ចប្រជុំ កំពូលអាស៊ាននៅខែវិច្ឆិកាចូលមកដល់ អាស៊ានត្រូវតែពិនិត្យឡើងវិញថាតើផែនការសន្តិភាពកង់សង់ស៊ីស ៥ចំណុចនៅតែមានសារៈសំខាន់ ឬក៏ថាតើវាគួរតែ ត្រូវបានជំនួសដោយអ្វីមួយផ្សេងដែលល្អប្រសើរជាង។ ចាប់ពីពេលនេះតទៅ រហូតដល់ពេលយើងជួបប្រជុំគ្នាក្នុងខែវិច្ឆិកា យើងត្រូវតែឆ្លើយសំណួរដ៏លំបាកនេះ ហើយយើងត្រូវតែរកចម្លើយឱ្យបាននៅពេលនេះ»

គួរបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី កើតមានឡើងនៅចំពេលក្រុមប្រឹក្សាសន្តិសុខ UN កំពុងពិចារណាលើដំណោះស្រាយមួយដែលព្រាង ឡើងដោយចក្រភពអង់គ្លេស ដើម្បីស្នើឱ្យបញ្ចប់រាល់អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ជាមួយការជំរុញឱ្យបញ្ចប់ជាបន្ទាន់ការបញ្ជូន ឬផ្ទេរអាវុធទៅកាន់មីយ៉ាន់ម៉ា និងកញ្ចប់ទណ្ឌកម្ម UN ផងដែរ។ តែកន្លងមក ដំណោះស្រាយស្ដីពីមីយ៉ាន់ម៉ាមិនត្រូវបានអនុម័តឡើយ ដោយសារតែមានការបោះឆ្នោតវេតូពីសំណាក់រុស្ស៉ី និងចិន៕