(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បានប្រាប់សន្និសីទមួយដែលធ្វើឡើង នៅទីក្រុងញូវយ៉កនៅថ្ងៃចន្ទសប្ដាហ៍នេះថា តៃវ៉ាន់មាន មោទកភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជួយអ៊ុយក្រែនតស៊ូការពារប្រទេសជាតិ ហើយកិច្ចខិតខំប្រឹងប្រែងទាំងនោះត្រូវតែបន្តទៅមុខទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័តមាន Reuters នៅថ្ងអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។

លោកស្រី សៃ បានគូសបញ្ជាក់ថា «នៅពេលយើងបានមើលពីការសម្លាប់រង្គាល នៅក្នុងការឈ្លានពានរបស់រុស្ស៉ី តៃវ៉ាន់ពិតជាមានមោទកភាពក្នុងការដើរតួនាទីជួយ ដល់អ៊ុយក្រែន ក្នុងការតស៊ូដើម្បីការពារប្រទេស និងសេរីភាពរបស់ពួកគេ។ យើងត្រូវបន្តការខិតខំប្រឹងប្រែងនេះតទៅមុខទៀត»។ លោកស្រី សៃ បានបន្ថែមថា «តៃវ៉ាន់ ក៏ពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសចិន។ ដូច្នេះការធានាបាននូវលទ្ធិប្រជាធិបតេយ្យ គឺជារឿងចាំបាច់ដើម្បីធានានូវសេរីភាព និងសិទ្ធិមនុស្សសម្រាប់អនាគតរួមរបស់យើង»

គួរបញ្ជាក់ថា តៃវ៉ាន់ បានបរិច្ចាកថវិកាជាង ៣០លានដុល្លារសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ដែលភាគច្រើនត្រូវបានរៃអង្គាសពីសាធារណជន និងបានចូលរួម ក្នុងការដាក់ទណ្ឌកម្មដែលដឹកនាំដោយលោកខាងលិច ប្រឆាំងនឹងរុស្ស៊ីផងដែរបន្ទាប់ពីការឈ្លានពានអ៊ុយក្រែន៕