(ជូបហ្សាណា)៖ រដ្ឋាភិបាលនៃសាធារណរដ្ឋស្លូវេនី បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា ស្លូវេនីនឹងបញ្ជូនរថក្រោះប្រភេទ M-55S ២៨គ្រឿងទៅឲ្យអ៊ុយក្រែន។ នេះ បើយោងតាមការចុះផ្សាយដោយសារព័តមានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងជំនួបតាមទូរស័ព្ទ នាយករដ្ឋមន្រ្តីស្លូវេនី លោក រ៉ូបឺត ហ្គោឡូប (Robert Golob) និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បានឯកភាពគ្នាថា «នៅក្នុងស្មារតីនៃសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន យើងបានយល់ព្រមថានឹងជួយដល់ទីក្រុងកៀវ ឲ្យទទួលបានរថក្រោះ M-55S របស់ស្លូវេនីចំនួន ២៨គ្រឿង»

ប៉ុន្តែជាថ្នូរមកវិញ ទីក្រុងជូបហ្សាណា (Ljubljana) នឹងទទួលបានពីយានយន្ដយោធាដឹកជញ្ជូនចំនួន៤០គ្រឿង ពីទីក្រុងប៊ែកឡាំង រួមទាំងយានយន្ដសណ្ដោង ចំនួន៣៥គ្រឿង និងយានយន្ដស្ដុកទឹកធុនធ្ងន់ចំនួន ៥គ្រឿង។ ការដោះដូរនេះក៏ជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងស្លូវេនី និងអាល្លឺម៉ង់ ផងដែរ។

គួរបញ្ជាក់ថា កាលថ្ងៃទី២១ ខែមិថុនាកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរបស់ស្លូវេនី បានរាយការណ៍ថា សាធារណរដ្ឋស្លូវេនីបានបញ្ជូនរថពាសដែកប្រយុទ្ធចំនួន ៣៥គ្រឿង ទៅកាន់អ៊ុយក្រែន ហើយបើតាមរដ្ឋមន្ត្រីការពារជាតិស្លូវេនី លោក ម៉ាជេន សារ៉ិច (Marjan Sarec) វាជារថពាសដែកដែលផលិតដោយប្រទេសយូហ្គោស្លាវី បំពាក់ដោយកាណុង ២០មីលីម៉ែត្រ៕