(ប៉េកាំង)៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលអង់គ្លេស លោក Wang Qishan តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាអនុប្រធានរដ្ឋចិនបានអញ្ជើញទៅចូលរួម ព្រះរាជពិធីបុណ្យសពរបស់ព្រះមហាក្សត្រី Elizabeth II ។

នៅរសៀលថ្ងៃទី ១៨ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Wang Qishan បានធ្វើដំណើរទៅកាន់វិមានសភាអង់គ្លេស ដើម្បីចូលរួមព្រះរាជពិធីបុណ្យសព។

នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា លោក Wang Qishan រួមជាមួយប្រមុខរដ្ឋ សមាជិកព្រះរាជវង្សានុវង្ស និងអ្នកតំណាងរដ្ឋាភិបាលនៃប្រទេសនានា ចូលរួមព្រះរាជពិធីបុណ្យសពរបស់ព្រះមហាក្សត្រី Elizabeth II ដែលធ្វើឡើងនៅព្រះវិហារ Westminster។

លោក Wang Qishan បានថ្លែងប្រាប់ភាគីអង់គ្លេសថា ព្រះមហាក្សត្រី Elizabeth II គឺជាក្សត្រីដែលគ្រងរាជ្យសម្បត្តិ បានយូរបំផុតរបស់អង់គ្លេស ហើយព្រះមហាក្សត្រីបានធ្វើជាសាក្សីនៃការផ្លាស់ប្តូរនៃសម័យកាល និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអង់គ្លេស។
លោកបានពាំនាំនូវការរំលែកមរណទុក្ខរបស់លោកប្រធានរដ្ឋចិន Xi Jinping រដ្ឋាភិបាលនិងប្រជាជនចិនចំពោះ ការសោយទិវង្គតរបស់ព្រះមហាក្សត្រី Elizabeth II ថ្វាយចំពោះព្រះមហាក្សត្រ Charles III ព្រមនិងសម្តែងការសួរសុខទុក្ខ ដោយស្មោះចំពោះព្រះរាជវង្សានុវង្ស រដ្ឋាភិបាលនិងប្រជាជនអង់គ្លេស។

ជាការឆ្លើយតប ព្រះមហាក្សត្រ Charles III បានផ្តាំផ្ញើទៅកាន់ភាគីចិនតាមរយៈលោកWang Qishanថា ព្រះរាជវង្សានុវង្សអង់គ្លេសយកចិត្តទុកដាក់ខ្ពស់ចំពោះចំណងមិត្តភាពជាមួយមេដឹកនាំចិន និងការអភិវឌ្ឍទំនាក់ទំនងរវាងអង់គ្លេសនិងចិន ហើយសង្ឃឹមថាអាចបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនក្នុងវិស័យអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងវិស័យផ្សេងៗទៀតនាពេលអនាគត៕

វិទ្យុមិត្តភាពកម្ពុជាចិន