(ប៉េកាំង)៖ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ តាមម៉ោងក្នុងតំបន់ លោក Wang Yi តំណាងពិសេសរបស់ប្រធានរដ្ឋចិនលោក Xi Jinping សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួម កិច្ចប្រជុំជាន់ខ្ពស់ស្តីពីបម្រែបម្រួលអាកាសធាតុ ព្រមនិងថ្លែងសុន្ទរកថានៅទីចាត់ការទូទៅ របស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

ថ្លែងក្នុងកិច្ចប្រជុំ លោក Wang Yi បានលើកឡើងថា ប្រទេសចិនសម្គាល់ថា គួរតែជំរុញគោលដៅនៃអភិបាលកិច្ច អាកាសធាតុសកលលើវិស័យចំនួនបួន៖ ទីមួយ គឺត្រូវផ្តោតសំខាន់លើការរៀបចំឱ្យបានល្អ នូវមហាសន្និបាតបម្រែបម្រួលអាកាសធាតុ អង្គការសហប្រជាជាតិក្រុង Sharm el-Sheikh ដើម្បីទទួលបានសមិទ្ធផលវិជ្ជមាន និងតុល្យភាពក្នុងការកាត់បន្ថយ សម្របខ្លួនតាមស្ថានភាពជាក់ស្តែង និងការទម្លាក់ថវិកាជាដើម។ ទីពីរគឺត្រូវផ្តោតសំខាន់លើការអនុវត្តជាក់ស្តែង។ ទីបីគឺត្រូវជំរុញយ៉ាងប្រាកដប្រជា នូវការផ្លាស់ប្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតង។ ទីបួន គឺត្រូវបង្កបរិយាកាសនយោបាយដ៏ល្អប្រសើរ។

ក្រៅពីនេះ លោក Wang Yi បានលើកឡើងពីវិធានការវិជ្ជមានមួយចំនួនរបស់ប្រទេសចិន ដែលប្រកាន់ខ្ជាប់ការដើរតាមផ្លូវ នៃការចាត់ទុកអេកូឡូស៊ីជាអាទិភាព និងការអភិវឌ្ឍបៃតងនិងកាបូនទាប។ លោកបានសង្កត់ធ្ងន់ថា ប្រទេសចិននឹងរ៉ាប់រងភារកិច្ចអន្តរជាតិរបស់ខ្លួន ដើម្បីបង្កើតអច្ឆរិយថ្មីនៃការផ្លាស់ប្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតង៕

វិទ្យុមិត្តភាពកម្ពុជាចិន