(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) បានប្រកាសផ្អាកការងាររដ្ឋាភិបាល និងបិទសាលារៀនជាបណ្តោះអាសន្ន នៅថ្ងៃច័ន្ទនេះ ខណៈព្យុះត្រូពិចទី៣ នៃឆ្នាំនេះ បានបោកបក់មកលើកោះលូសុន (Luzon) ជាកោះដ៏ធំជាងគេនៅហ្វីលីពីន ក្រោយពីបោកបក់នៅភាគឦសាន នៃរដ្ឋធានីម៉ានីល។

ទីភ្នាក់ងារអាកាសធាតុរដ្ឋបានឲ្យដឹងនៅក្នុងសេចក្តីណែនាំចុងក្រោយរបស់ខ្លួនថា មនុស្សជិត ៨,៤០០នាក់ត្រូវបានជម្លៀសចេញជាបណ្តោះអាសន្ន ពីព្យុះទីហ្វុង ណូរូ (Noru) ដែលបានចុះខ្សោយឥទ្ធិពល ជាមួយនឹងកម្លាំងខ្យល់បក់ ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង និងកម្លាំងខ្យល់ល្បឿន ២៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាមួយគ្នានេះ ជើងហោះហើរត្រូវបានលុបចោល, ចរាចរណ៍តាមសាឡាងត្រូវបានផ្អាក និងបិទផ្លូវរថយន្តក្រុង ខណៈភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងបានបំផ្លាញដើមឈើ និងខ្សែបណ្តាញអគ្គិសនី។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក ម៉ាកូស បានបញ្ជាឲ្យផ្អាកថ្នាក់រៀននិងការធ្វើការងារនៅក្នុងតំបន់ Luzon ជាទីដែលបានរួមចំណែកច្រើនជាងពីរភាគបីនៃសេដ្ឋកិច្ច និងប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនសរុប ១១០លាននាក់របស់ប្រទេសហ្វីលីពីន។ រីឯក្រសួងថាមពល ក៏ត្រូវបានដាក់ឲ្យស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់គ្រឿងបរិក្ខារពាក់ព័ន្ធនឹងថាមពលនៅក្នុងតំបន់ ដែលអាចរងផលប៉ះពាល់ដោយខ្យល់ព្យុះទីហ្វុងនេះ។

គួរបញ្ជាក់ថា ព្យុះទីហ្វុង Noru ដែលកំពុងរំកិលទៅទិសខាងលិចលើ ខេត្ត ផលិត ស្រូវ នៃតំបន់ Luzon ទំនងជាលេចចេញនៅសមុទ្រចិន ខាងត្បូង នៅថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់)។ ហ្វីលីពីនដែលមានប្រជុំកោះជាង ៧,៦០០ បានទទួលរងនូវឥទ្ធិពលព្យុះត្រូពិចជាមធ្យមប្រចាំឆ្នាំចំនួន ២០ ដែលបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដី។ ក្នុងឆ្នាំ ២០១៣ ព្យុះទីហ្វុង ហៃយ៉ាន (Haiyan) ដែលជាព្យុះស៊ីក្លូនត្រូពិចដ៏មានឥទ្ធិពលបំផុតមិនធ្លាប់មាន បានសម្លាប់មនុស្ស ៦,៣០០នាក់៕