(មូស្គូ)៖ អភិបាលក្នុងតំបន់បាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបានបើកការបាញ់ប្រហារនៅឯការិយាល័យរដ្ឋាភិបាល នៅក្នុងតំបន់ អៀគូស្ក៍ (Irkutsk) របស់ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២។

ខ្មាន់កាំភ្លើងនៅក្នុងវីដេអូដែលផ្សព្វផ្សាយតាមបណ្តាញសង្គម បានប្រាប់អត្តសញ្ញាណខ្លួនឯងដល មន្រ្តីប៉ូលីសថា មានឈ្មោះ រូសលេន ហ្ស៉ីនីន (Ruslan Zinin) អាយុ ២៥ឆ្នាំ រួចធ្វើសកម្មភាពបាញ់មួយគ្រាប់ នៅខាងក្នុងការិយាល័យរដ្ឋាភិបាល ទីក្រុង អ៊ឺសស្តលលីមស្ក៍ (Ust-Ilimsk)។ ប៉ុន្តែ Reuters មិនអាចធ្វើការផ្ទៀងផ្ទាត់វីដេអូនេះបានទេ។

អភិបាលតំបន់ Irkutsk លោក អ៉ីហ្គរ កូបហ្សេវ (Igor Kobzev) បានសរសេរនៅលើបណ្តាញ Telegram យ៉ាងដូច្នេះថា ប្រធានការិយាល័យកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយអ្នកបាញ់ប្រហារត្រូវបានឃាត់ខ្លួន «នឹងត្រូវផ្តន្ទាទោសជាដាច់ខាត»

គួរបញ្ជាក់ថា ការិយាល័យរដ្ឋាភិបាលរុស្ស៉ីមួយចំនួន បាននូវវាយប្រហារ ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការចល័តទ័ព កាលពីថ្ងៃពុធសប្តាហ៍មុន។ ការតវ៉ាប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះបានកើតឡើងកាលពីចុងសប្តាហ៍កន្លងមក នៅក្នុងទីក្រុង ដាហ្គេស្តេន (Dagestan) និងទីក្រុងយ៉ាគូទៀ (Yakutia) ខណៈទីក្រុងទាំងពីរនេះបានផ្គត់ផ្គង់ចំនួនទាហានដែលមិនសមាមាត្រគ្នា សម្រាប់សង្គ្រាមនៅអ៊ុយក្រែន៕