(រ៉ូម)៖ លទ្ធផលឆ្នោតបឋម នៅថ្ងៃចន្ទសប្តាហ៍នេះបានបង្ហាញថា គណបក្សស្ដាំនិយមជ្រុល គឺ Brothers of Italy ទទួលបានសំឡេងភាគច្រើន ក្នុងការបោះឆ្នោត សភារបស់ប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យ ដែលនេះជាជោគជ័យលើកដំបូងរបស់គណបក្សស្តាំនិយមជ្រុល គិតចាប់តាំងពីសង្គ្រាមលោកលើកទី២មក ហើយនេះ ក៏នឹងត្រួសត្រាយផ្លូវឲ្យលោកស្រី ជកយ៉ា មេឡូនី (Giorgia Meloni) ក្លាយជានាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុតរបស់អ៉ីតាលីផងដែរ។ នេះបើយោងតាមការដកស្រង់ ផ្សាយដោយសារព័ត៌មាន TIME នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២។

បើតាមលទ្ធផលស្ទើរតែទាំងស្រុង ក្រុមចម្រុះនៃគណបក្សស្តាំនិយមជ្រុលអ៉ីតាលី ដណ្តើមបានសំឡេងឆ្នោតក្នុងសភាប្រហែល ៤៤ភាគរយ ដោយក្នុងនោះគណបក្ស Brothers of Italy របស់លោកស្រី មេឡូនី ដណ្តើមបានប្រហែល ២៦ភាគរយ ខណៈគណបក្សដែលជាសម្ព័ន្ធមិត្តដឹកនាំដោយលោក ម៉ាត់តេអូ សាល់វីនី (Matteo Salvini) ទទួលបាន៩ភាគរយ និងគណបក្សដឹកនាំដោយលោក ស៊ីលវីយ៉ូ បែរលូស្កូនី (Silvio Berlusconi) ទទួលបាន៨ភាគរយ។

ការបង្កើតរដ្ឋាភិបាលថ្មីនឹងត្រូវឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខទៀត ហើយការពិគ្រោះយោបល់ក្នុងចំណោមមេដឹកនាំគណបក្សជាមួយប្រធានាធិបតី លោក សឺហ្គីយ៉ូ ម៉ាត់តារ៉េឡា (Sergio Mattarella) និងលោកនាយករដ្ឋមន្រ្តី ម៉ារីយ៉ូ ដ្រាហ្គី (Mario Draghi) ក៏នឹងត្រូវធ្វើឡើងផងដែរ។

គួរបញ្ជាក់ថា ការបោះឆ្នោតជាតិអ៉ីតាលីបានធ្វើឡើងក្នុងរយៈពេលប្រហែល៦ខែ បន្ទាប់ពីរដ្ឋាភិបាលរបស់លោក ដ្រាហ្គី បានដួលរលំ និងចំពេលដ៏សំខាន់មួយសម្រាប់ តំបន់អឺរ៉ុបដែលកំពុងតែប្រឈមមុខនឹងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ខណៈបញ្ហាតម្លៃថាមពលកើនឡើងបានពាក់ព័ន្ធដែលបានប៉ះពាល់ដល់ជីវភាពរបស់ ប្រជាជន ក៏ដូចជាឧស្សាហកម្មរបស់ប្រទេស៕