(ឌូបៃ)៖ ប្រទេសអ៉ីរ៉ង់ កំពុងប្រឈមនឹងការរិះគន់ជាអន្តរជាតិ បន្ទាប់ពីមានករណីស្លាប់ស្រ្តីម្នាក់នៅមន្ទីរឃុំឃាំងរបស់ប៉ូលិសដែលបណ្ដាលឱ្យមានបាតុកម្មតវ៉ា នៅ ទូទាំងប្រទេស ខណៈទីក្រុងតេហេរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់ភាពចលាចលនេះដើម្បីព្យាយាមធ្វើឲ្យមានអស្ថិរភាពក្នុងប្រទេស របស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២។

កាលពីថ្ងៃទី១៦ ខែកញ្ញាកន្លងទៅ ស្រ្តីជនជាតិឃឺដម្នាក់ ឈ្មោះ ម៉ាសា អាមីនី (Mahsa Amini) អាយុ ២២ឆ្នាំ បានស្លាប់ ក្រោយពីស្រ្តីរូបនេះត្រូវបានចាប់ខ្លួនដោយ ប៉ូលិសសីលធម៌ ជុំវិញការរឹតបន្តឹងលើការស្លៀកពាក់របស់ស្រ្តី។ ករណីនេះបាននាំឲ្យមានការថោ្កលទោសយ៉ាងខ្លាំងក្លាពីសំណាក់អន្តរជាតិបន្ថែមទៀតមកលើ ទីក្រុងតេហេរ៉ង់។

ជារឿយៗសកម្មជនក្នុងប្រទេសអ៉ីរ៉ងបាននាំគ្នាធ្វើការតវ៉ា ដោយយកស្ត្រីធ្វើជាតួអង្គសំខាន់នៅក្នុងការតវ៉ា ដោយប្រើសកម្មភាពគ្រវី និងដុតស្បៃមុខ។ ប៉ុន្តែ អ៉ីរ៉ង់ បាននិយាយថា សហរដ្ឋអាមេរិកកំពុងគំាទ្រក្រុមកុបកម្ម បង្កើតអស្ថិរភាពក្នុងប្រទេសរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក ណាសៀ កាណាអានី (Nasser Kanaani) បានគូសបញ្ជាក់ថា «ទីក្រុងវ៉ាស៊ីនតោនតែងតែព្យាយាមធ្វើឲ្យស្ថិរភាព និងសន្តិសុខរបស់អ៊ីរ៉ង់ចុះខ្សោយ ទោះបីជាមិនទទួលបានជោគជ័យ ក៏ដោយ»។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើប៉ូលីសសីលធម៌របស់អ៊ីរ៉ង់ ជុំវិញការចោទប្រកាន់ពីបទរំលោភបំពានលើស្ត្រីអ៊ីរ៉ង់ និងទាមទារឲ្យមានការទទួលខុសត្រូវលើការស្លាប់របស់នាងអាមីនី ព្រមទាំងបាតុករយ៉ាងហោច ៤១នាក់ ដែល បានស្លាប់នៅក្នុងការបង្រ្កាបរបស់អាជ្ញាធរអ៉ីរ៉ង់ លើ បាតុកម្មតវ៉ាចាប់តាំងពីថ្ងៃទី១៧ ខែកញ្ញាមក៕