(ប៉េកាំង)៖ កាលពីថ្ងៃទី២៧ ខែកញ្ញា មជ្ឈមណ្ឌលជាតិដោះស្រាយបន្ទាន់នូវវីរុសកុំព្យូទ័រ នៃប្រទេសចិននិងក្រុមហ៊ុនបច្ចេកវិទ្យា 360 បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតច្បាប់ទីពីរ អំពីហេតុការណ៍ដែលសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យប្រទេសចិន រងការវាយប្រហារតាមបណ្តាញអ៊ីនធើណេតពីបរទេស។

របាយការណ៍ថ្មីបំផុតនេះបានបង្ហើបឱ្យដឹងពី ខ្លឹមសារលម្អិតដ៏សំខាន់កាន់តែច្រើននៃហេតុការណ៍វាយប្រហារ តាមបណ្តាញអ៊ីនធើណេតជាងមួយពាន់លើក ទៅលើសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យ ដែលបំផុសដោយការិយាល័យប្រតិបត្តិការឈ្លានពានពិសេស (TAO) របស់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA)។ ឆ្លងតាមរយៈខ្លឹមសារលម្អិតទាំងនេះ អ្នកផងទាំងពួងអាចឃើញច្បាស់នូវផ្លូវនិងដំណើរ នៃការដែលទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) លួចការសម្ងាត់តាមបណ្តាញអ៊ីនធើណេត។

របាយការណ៍ថ្មីបំផុតនេះបានបង្ហើបឱ្យដឹងថា ក្នុងដំណើរវាយប្រហារតាមបណ្តាញអ៊ីនធើណេតទៅលើ សកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យនៃប្រទេសចិន ការិយាល័យប្រតិបត្តិការឈ្លានពានពិសេស (TAO) បានបង្កើតច្រកផ្លូវដើម្បីភ្ជាប់ចូលពីចម្ងាយទៅកាន់ បណ្តាញទិន្នន័យស្នូលនៃប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធរបស់ចិន ដែលសម្រេចបាននូវការចូលនិងគ្រប់គ្រងចំពោះហេដ្ឋារចនាសម្ព័ន្ធរបស់ចិន ហើយឆ្លៀតឱកាសនេះលួចយកទិន្នន័យសម្ងាត់ របស់អ្នកប្រើប្រាស់របស់ចិន ។
តាមការពិត សហរដ្ឋអាមេរិកលួចយកការសម្ងាត់តាមបណ្តាញអ៊ីនធើណេត ដោយទ្រង់ទ្រាយធំក្នុងរយៈពេលយូរ គឺជាការសម្ងាត់សាធារណៈមួយ។ ស្ថានីយទូរទស្សន៍ព័ត៌មាន France 24 របស់បារាំងបានលើកឡើងថា មហិច្ឆតាក្នុងការឃ្លាំមើលនិងត្រួតពិនិត្យបណ្តាញ អ៊ីនធើណេតរបស់សហរដ្ឋអាមេរិកមិនមែនជារឿងប្លែកអីទេ ពួកគេចង់លួចស្តាប់ទូទាំងពិភពលោក ក្នុងនោះ បូករួមទាំងសម្ព័ន្ធមិត្តរបស់ពួកគេ។

លោក Edward Snowden អតីតបុគ្គលិកនៃក្រុមហ៊ុនទទួលម៉ៅកិច្ចការពារជាតិរបស់អាមេរិក បានលាតត្រដាងទៅកាន់ ប្រព័ន្ធសារព័ត៌មាននៅឆ្នាំ២០១៣ថា គម្រោងលួចស្តាប់ដោយសម្ងាត់ជាសកលដែលឈ្មោះ «PRISM» នៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) បានដំណើរការពេញ២៤ម៉ោង ដើម្បីលួចស្តាប់និងឃ្លាំមើលចំពោះអ៊ីម៉ែល ដំណឹងនៃវេបសាយ Facebook និងកម្មវិធី Google Talk ជាដើម។

តាមរបាយការណ៍ដែលសហគ្រាសបណ្តាញអ៊ីនធើណេតរបស់ចិន បានប្រកាសនៅឆ្នាំនេះបានឱ្យដឹងថា ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) បានបំផុសការវាយប្រហារតាមបណ្តាញអ៊ីនធើណេត ទៅលើ គោលដៅចំនួន៤០៣នៃប្រទេសនិងតំបន់ចំនួន៤៧ លើពិភពលោកទាំងមូល ក្នុងនោះ បូករួមទាំងចិន អង់គ្លេស អាល្លឺម៉ង់និងបារាំងជាដើម។ ប៉ុន្តែ មជ្ឈដ្ឋានខាងក្រៅបានដឹងតិចណាស់ចំពោះបញ្ហាថា តើទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) បានបំផុសការវាយប្រហារតាមបណ្តាញអ៊ីនធើណេតតាមរបៀបណា។

របាយការណ៍ស៊ើបអង្កេតដែលស្ថាប័នពាក់ព័ន្ធរបស់ភាគីចិន ប្រកាសនោះបានប្រើប្រាស់ភស្តុតាងជាក់ស្តែង ដើម្បីលាតត្រដាងនិងបែកធ្លាយយ៉ាងក្បោះក្បាយនូវច្រកផ្លូវ រយៈពេលរហូតដល់កំហុសក្នុងហេតុការណ៍ដែល ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) បានបំផុសការវាយប្រហារតាមបណ្តាញអ៊ីនធើណេត ទៅលើសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យនៃប្រទេសចិន ហើយបានពិនិត្យឃើញច្បាស់លាស់ នូវអត្តសញ្ញាណពិតប្រាកដនៃអ្នកបង្កការវាយប្រហារចំនួន ១៣នាក់ គឺចាប់បានអ្នកទោសនិងទទួលបាន ភស្តុតាងដ៏ពិតប្រាកដក្នុងពេលដំណាលគ្នា គឺជាការឆ្លើយតបយ៉ាងខ្លាំងបំផុតចំពោះ ភាគីអាមេរិកដែលអនុវត្តអនុត្តរភាព តាមបណ្តាញអ៊ីនធើណេតតាមតែទំនើងចិត្ត។

ជានិច្ចកាល ភាគីចិនតែងតែគូសបញ្ជាក់ថា ការគាំពារសន្តិសុខបណ្តាញអ៊ីនធើណេតមិនត្រូវមានស្តង់ដារពីរ ពោលគឺមិនអាចឱ្យប្រទេសមួយមានសន្តិសុខ ឯប្រទេសផ្សេងទៀតគ្មានសន្តិសុខនោះទេ ក៏ដូចជាប្រទេសមួយចំនួនមានសន្តិសុខ តែប្រទេសមួយចំនួនទៀតគ្មានសន្តិសុខ ហើយក៏មិនត្រូវបង្កផលប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសដទៃទៀត ដើម្បីស្វែងរកអ្វីដែលហៅថាសន្តិសុខដាច់ខាតរបស់ខ្លួនដែរ។ ភាគីអាមេរិកចាំបាច់ត្រូវបញ្ឈប់ការវាយប្រហារ តាមបណ្តាញអ៊ីនធើណេតដោយចេតនាអាក្រក់ទៅលើប្រទេសចិនភ្លាម ព្រមទាំងធ្វើការបកស្រាយដោយមានទំនួលខុសត្រូវ ចំពោះរបាយការណ៍ស៊ើបអង្កេតដែលភាគីចិនបានប្រកាសនោះ៕

វិទ្យុមិត្តភាពកម្ពុជាចិន