(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់កូរ៉េខាងត្បូង នៅថ្ងៃពុធនេះបានរាយការណ៍ថា ការធ្វើតេស្តបំផ្ទុះអាវុធនុយក្លេអ៊ែរ លើកដំបូងបំផុតរបស់កូរ៉េខាងជើង គិតចាប់តាំងពីឆ្នាំ២០១៧មក ប្រសិនបើកើតឡើងមែននោះ គឺទំនងជាប្រព្រឹត្តទៅនៅខ្ទង់ចន្លោះ ថ្ងៃទី១៦ ខែតុលា និងថ្ងៃទី៧ ខែវិច្ឆិកា ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។

ដំណឹងខាងលើត្រូវបានរាយការណ៍ដំបូង ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap ផ្អែកទៅលើសម្តីក្រុមសមាជិកកូរ៉េខាងត្បូង ដែលទទួលបានរបាយការណ៍ ពីទីភ្នាក់ងារជាតិផ្នែកចារកម្ម NIS។ នាពេលនេះ ការត្រៀមលក្ខណៈសម្រាប់ការធ្វើតេស្តនុយក្លេអ៊ែរ គឺបានចប់សព្វគ្រប់អស់ហើយ នៅឯមូលដ្ឋានធ្វើតេស្ត ភូងហ្គីរី (Punggye-ri) ជាកន្លែងដែលកូរ៉េខាងជើង ធ្លាប់បំផ្ទុះសាកល្បងអាវុធនុយក្លេអ៊ែរចំនួន ៦លើក កាលពីចន្លោះឆ្នាំ២០០៦ និងឆ្នាំ២០១៧។

គួរបញ្ជាក់ថា ពេលវេលានៃការធ្វើតេស្តនុយក្លេអ៊ែរនេះ គឺទំនងជានឹងអាស្រ័យទៅលើ ព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងប្រទេសចិន ដែលសម្ព័ន្ធមិត្តចម្បងរបស់ទីក្រុងព្យុងយ៉ាង ហើយនិងនៅសហរដ្ឋអាមេរិក ដែលជាគូសត្រូវធំបំផុតរបស់កូរ៉េខាងជើង។ បើតាមក្រុមសមាជិកសភាកូរ៉េខាងត្បូង ទីភ្នាក់ងារ NIS បានប្រាប់ថា ប្រសិនបើកូរ៉េខាងជើងធ្វើតេស្តនុយក្លេអ៊ែរមែននោះ វាអាចកើតឡើងនៅចន្លោះ ព្រឹត្តិការណ៍មហាសមាជបក្សកុម្មុយនិស្តចិនលើកទី២០ ដែលត្រូវចំថ្ងៃទី១៦ ខែតុលា ហើយនិងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នាថ្ងៃទី៧ ខែវិច្ឆិកា របស់សហរដ្ឋអាមេរិក៕