(វ៉ាស៊ីនតោន)៖ ខណៈសមាជគណបក្សកុម្មុយនិស្ដចិនលើកទី២០ កាន់តែខិតជិតចូលមកដល់នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ លោកប្រធានាធិបតី ស៊ី ជិនពីង ត្រូវបានគេរំពឹងថានឹងបន្តអាណត្តិ៥ឆ្នាំបន្ថែមទៀត ដែលនេះនឹងធ្វើឱ្យលោកក្លាយជាមេដឹកនាំចិនមានឥទ្ធិពលធំបំផុត ចាប់ពីតាំងសម័យលោក ម៉ៅ សេទុងមក។ លោក ស៊ី ជិនពីង ធ្លាប់បានលើកឡើងជារឿយៗថាលោកនឹងសម្រេចឱ្យបាននូវការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ ឱ្យបានមុនឆ្នាំ២០៤៩ ជាផ្នែកមួយនៃចក្ខុវិស័យរបស់លោកដើម្បីឱ្យ ចិនខ្លាំងក្លាឡើងវិញ។

ប្រសិនបើលោក ស៊ី ជិនពីង ពិតជាអាចបន្តដឹកនាំប្រទេសចិននៅអាណត្តិទី៣ពិតមែន នោះបញ្ហាចោទ វាលែងស្ថិតនៅត្រង់ថាតើចិនអាចនឹងប្រើកម្លាំងយោធាលើតៃវ៉ាន់ដែរ ឬក៏អត់នោះទេ? ក៏ប៉ុន្តែគឺនៅពេលណា? ដើម្បីប្រឈមមុខជាមួយចិន តៃវ៉ាន់ត្រូវការជាចាំបាច់ការគាំទ្រពីសម្ព័ន្ធមិត្តក្នុងការពង្រឹងសមត្ថភាពការពារខ្លួនឯង ហើយក្រៅតែពី សហរដ្ឋអាមេរិក ជប៉ុនក៏អាចនឹងត្រូវបង្ខំចិត្តចូលជួយតៃវ៉ាន់ដែរ ក្នុងករណីសង្រ្គាមជាមួយចិនផ្ទុះឡើង។ ជាការពិតណាស់ ជប៉ុនបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ ផ្នត់គំនិត «ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ» តែក្នុងពេលជាមួយគ្នា ទីក្រុងតូក្យូមិនដែលបានប្រកាន់ជំហរច្បាស់លាស់ថាតើនឹងផ្ដល់ជំនួយដល់តៃវ៉ាន់ នៅពេលមាន ការវាយប្រហារណាមួយពីចិន ឬយ៉ាងណានោះឡើយ។

ក្រុមអ្នកវិភាគច្រើនយល់ស្របថាដោយសារតែស្ថិតនៅកៀកតៃវ៉ាន់ «បញ្ហារបស់តៃវ៉ាន់ ក៏ជាបញ្ហារបស់ជប៉ុនដូចគ្នាដែរ ហើយទោះបីជាជប៉ុនចង់គេច ក៏មិនអាចគេចផុត នោះដែរ»។ ពីព្រោះ វាមានហេតុផលសំខាន់ ២យ៉ាង។ ម្យ៉ាង ការវាយប្រហារណាមួយរបស់ចិនលើតៃវ៉ាន់ មានភាគរយខ្ពស់ណាស់អាចធ្លាយចូលក្នុងទឹកដីជប៉ុន ជាពិសេស នោះគឺកោះយ៉ូណាហ្គូនីជីម៉ា (Yonagunijima) ដែលស្ថិតនៅចម្ងាយត្រឹមតែ ១១១គីឡូម៉ែត្រប៉ុណ្ណោះពីតំបន់ឆ្នេរភាគខាងកើតរបស់តៃវ៉ាន់។ កាលពីថ្ងៃទី៤ ខែសីហាកន្លងទៅ កងទ័ពរំដោះប្រជាជនចិន PLA បានធ្វើតេស្ដបាញ់មីស៊ីលជាច្រើនគ្រាប់រំលងកោះតៃវ៉ាន់ ហើយក្នុងនោះមានមីស៊ីល ៥គ្រាប់បានធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ ជប៉ុន។

នៅក្រោយការធ្វើសមុទ្ធយោធានេះ កងទ័ពចិន PLA បានអះអាងថាមីស៊ីលរបស់ខ្លួនទាំងអស់សុទ្ធតែធ្លាក់ចំគោលដៅដែលបានកំណត់ ដែលនេះត្រូវបានក្រុមអ្នកវិភាគ យល់ថាចិនចង់បញ្ជូនសារព្រមានឱ្យជប៉ុនដឹងថាកងទ័ពចិនមានសមត្ថភាពវាយប្រហារចំគោលដៅនៅក្នុងដែនទឹកជប៉ុន ក៏ដូចជាកំញើញទីក្រុងតូក្យូកុំឱ្យហ៊ានលូកដៃជួយ តៃវ៉ាន់ផងដែរ។ ឬអាចនិយាយម្យ៉ាងទៀតបានថា «មិនថាជប៉ុនក្លាយជាគោលដៅវាយប្រហារដោយផ្ទាល់របស់ចិន ឬក៏ជាប់គាំងក្នុងជម្លោះរវាងចិន និងតៃវ៉ាន់នោះទេ ក៏ទឹកដីជប៉ុន មិនអាចគេចផុតពីការគំរាមកំហែងបានឡើយ»។

ចំណែកឯ ហេតុផលទី២ នោះគឺកងទ័ពអាមេរិកជាង ៥៤,០០០នាក់ ដែលកំពុងឈរជើងនៅលើទឹកដីជប៉ុន បានបង្កើតជាបន្ទាយទ័ពដ៏រឹងមាំមួយរបស់សហរដ្ឋអាមេរិកនៅក្នុង តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ម្លោះហើយ ប្រសិនបើចិនប្រើកម្លាំងយោធាវាយប្រហារលើតៃវ៉ាន់ រីឯសហរដ្ឋអាមេរិកសម្រេចចិត្តចូលជួយតៃវ៉ាន់ ទីក្រុងវ៉ាស៊ីនតោននឹងត្រូវការ ជាបន្ទាន់ក្នុងការប្រើប្រាស់កងទ័ពអាមេរិក និងមូលដ្ឋានទ័ពនៅលើទឹកជប៉ុន ដើម្បីគាំទ្រនិងជួយតៃវ៉ាន់។ នៅក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៦០ សហរដ្ឋអាមេរិកត្រូវ ប្រឹក្សាយោបល់ជាមួយជប៉ុន មុននឹងប្រើប្រាស់កងទ័ពអាមេរិកនៅក្នុងជម្លោះ ឬសង្រ្គាមក្នុងតំបន់។ តែទោះជាបែបនេះក្ដី ដោយសារតែទទួលឱ្យកងទ័ពអាមេរិកជើងឈរ ជប៉ុននឹងពិបាកក្នុងការប្រកែកមិនឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ព ឬកងទ័ពទាំងនេះណាស់។ ម្យ៉ាងវិញទៀត កងទ័ពអាមេរិកដែលកំពុងឈរជើងនៅជប៉ុន ក៏នឹងអាចក្លាយ ជាគោលដៅវាយប្រហាររបស់កងទ័ពចិនដែរ ក្នុងករណីសង្រ្គាមផ្ទុះឡើង ដែលនេះចង់ ឬមិនចង់ វានឹងប៉ះពាល់ដល់បូរណភាពទឹកដីជប៉ុន។

គួរបញ្ជាក់ថា ផ្ទុយពីសហរដ្ឋអាមេរិក ជប៉ុនមិនបានគាំទ្រកោះតៃវ៉ាន់ឱ្យមានសមត្ថភាពការពារខ្លួនឯង តាមរយៈការលក់អាវុធទេ។ លើសពីនេះទៅទៀត ជប៉ុនក៏មិនមាន ក្របខណ្ឌច្បាប់គ្រប់គ្រាន់ សម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការយោធាជាមួយតៃវ៉ាន់ នៅពេលអនាគតនោះដែរ។ ចាប់តាំងពីឆ្នាំ១៩៧២មក ជប៉ុនដូចគ្នាទៅនឹងប្រទេស ភាគច្រើនរួមទាំងសហរដ្ឋអាមេរិក មិនបានទទួលស្គាល់តៃវ៉ាន់ជារដ្ឋាភិបាលស្របច្បាប់មួយនោះទេ ជាមួយការប្រកាន់ខ្ជាប់នូវ «យុទ្ធសាស្ត្រមិនច្បាស់លាស់» ចំពោះតៃវ៉ាន់។ ប៉ុន្តែ យុទ្ធសាស្ត្រមិនច្បាស់លាស់នេះដែលជប៉ុនប្រើដើម្បីបញ្ចៀសជម្លោះដោយផ្ទាល់ជាមួយចិន ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ នឹងមិនអាចការពារជប៉ុនពីការជាប់ផុងនៅសង្រ្គាម បានឡើយ៕