(ប៉េកាំង)៖ យប់ថ្ងៃទី២៨ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារសាទរជូនចំពោះវេទិកាជាន់ខ្ពស់ ស្តីពីការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិរវាងចិន និងអាហ្សង់ទីន ដោយរំពឹងថា វេទិកាលើកនេះអាចជំរុញឱ្យទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអាហ្សង់ទីន បើកទំព័រយុគសម័យថ្មី និងរួមចំណែកកាន់តែធំក្នុងការជំរុញ ការបង្កើតសហគមន៍រួមវាសនារវាងចិននិងអាមេរិកឡាទីន ក្នុងយុគសម័យថ្មី ក៏ដូចជាសហគមន៍រួមវាសនារបស់មនុស្សជាតិផងដែរ។

ថ្លែងក្នុងសារសាទរជូនចំពោះវេទិកា លោក Fernández ប្រធានាធិបតីអាហ្សង់ទីនបានលើកឡើងថា រំពឹងទុកថា ភាគីទាំងពីរអាចធ្វើកិច្ចសហប្រតិបតិ្តការឱ្យកាន់តែស៊ីជម្រៅ ដើម្បីរួមចំណែកកាន់តែធំដល់សុខសុភមង្គលរបស់ប្រជាជន នៃប្រទេសទាំងពីរនិងសន្តិភាពពិភពលោក។

ឆ្នាំនេះជាខួបទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាហ្សង់ទីន។ «ប្រទេសចិននិងអាហ្សង់ទីនជា មិត្តភក្តិល្អនិងជាដៃគូល្អ» សេចកី្តសនិ្នដ្ឋានរបស់ លោកប្រធានរដ្ឋចិន Xi Jinping ដែលបានចែងក្នុងសារលិខិតនេះ ទទួលបានការបញ្ជាក់ក្នុងដំណើរអភិវឌ្ឍន៍ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈពេលពាក់កណ្តាលសតវត្សរ៍កន្លងមក។

កាលពីខែកុម្ភៈឆ្នាំនេះ ប្រទេសចិននិងអាហ្សង់ទីនបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម អំពីការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសអាហ្សង់ទីនបានរំលឹកឡើងវិញ ពីគោលការណ៍ចិនតែមួយ រីឯប្រទេសចិនវិញ ក៏បានរំលឹកឡើងវិញថា គាំទ្រសំណូមពររបស់ប្រទេសអាហ្សង់ទីន ដែលចង់អនុវត្តអធិបតេយ្យភាពទាំងស្រុងក្នុងបញ្ហាប្រជុំកោះ Malvinas ផងដែរ។ ការគាំទ្រយ៉ាងមុតមាំដោយឈរលើ មូលដ្ឋានគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមកបែបនេះ គឺជាស្នូលនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

ព្រមពេលជាមួយគ្នានេះ ការអភិវឌ្ឍប្រកបដោយភាពនឹងនរនិងរឹងមាំរបស់ទំនាក់ទំនង ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងអាហ្សង់ទីន បាននាំមកនូវផលប្រយោជន៍ជាច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ។ នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងចិននិងអាហ្សង់ទីន បានកើនឡើង២៨,៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលបានឡើងដល់ ១៧៨៣០លានដុល្លារអាមេរិក ប្រទេសចិនបន្តរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីពីររបស់អាហ្សង់ទីនតទៅទៀត។ នៅខែកុម្ភៈ ឆ្នាំនេះ ចិននិងអាហ្សង់ទីនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងចំនួនជាង១០ច្បាប់ ក្នុងនោះបូករួមទាំងអនុស្សរណៈយោគយល់ នៃកិច្ចសហប្រតិបតិ្តការស្តីពីរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ជាដើម ដែលពាក់ព័ន្ធដល់វិស័យជាច្រើន ដូចជាកសិកម្ម សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍបៃតងជាដើម។

ក្នុងវេទិកាជាន់ខ្ពស់ស្តីពីការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ រវាងចិននិងអាហ្សង់ទីន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានប្រកាសថា នឹងចាប់ដៃជាមួយដៃគូប្រព័ន្ធសារព័ត៌មាន នៃប្រទេសអាហ្សង់ទីន រួមគ្នារៀបចំសកម្មភាព «សប្តាហ៍វប្បធម៌រវាងចិននិងអាហ្សង់ទីន» និងចាប់ដំណើរការ «កិច្ចសហប្រតិបតិ្តការព័ត៌មានរវាងចិននិងប្រទេសអាមេរិកឡាទីន» ជាដើម។ ពេលថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ លោក Juan Ross រដ្ឋលេខាធិការទទួលបន្ទុក ប្រព័ន្ធសារព័ត៌មានសាធារណៈនៃប្រទសេអាហ្សង់ទីនបានថ្លែងថា ចិននិងអាហ្សង់ទីនជាដៃគូសហប្រតិបតិ្តការ និងមិត្តភក្តិដ៏ល្អនិងពិតប្រាកដ។

ពីខែមករា ដល់ខែកក្កដាឆ្នាំនេះ ទំហំនាំចេញរបស់ចិនទៅកាន់ទ្វីបអាមេរិកឡាទីន មានចំនួន៩៤៧៧៦០លានដុល្លារអាមេរិក បានកើនជាង២១,៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ទំហំនាំចូលគឺ៨៨៥៤២០លានដុល្លារអាមេរិក បានកើនជាង៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ នៅពីក្រោយស្នាដៃគួរឱ្យកត់សម្គាល់ទាំងនេះ គឺសហគមន៍រួមវាសនារវាងចិននិងអាមេរិកឡាទីន បានរីកលូតលាស់យ៉ាងផុលផុស ដែលសមស្របនឹងនិន្នាការជាទូទៅ។

នៅអាមេរិកឡាទីនមានសុភាសិតមួយឃ្លា គឺ «មិត្តភក្តិពិតប្រាកដអាចធ្វើឱ្យមនុស្សនៅម្ខាងទៀត នៃពិភពលោករំភើបចិត្ត»។ នៅពេលអនាគត នាវាយក្សនៃកិច្ចសហប្រតិបតិ្តការ វាងចិននិងអាមេរិកឡាទីននឹងបន្តបរធ្វើដំណើរ កាន់តែឆ្ងាយនិងកាន់តែរឹងមាំ៕

វិទ្យុមិត្តភាពកម្ពុជាចិន