(ផ្ល័រីដា)៖ អាជ្ញាធរអាមេរិក នៅក្នុងរដ្ឋផ្ល័រីដា បានឱ្យដឹងថាចំនួនមនុស្សស្លាប់ដោយសារព្យុះហឺរីខិន Ian បានកើនដល់ ២៣នាក់ហើយ ជាមួយការបង្ក ការបំផ្លិចផ្លាញធ្ងន់ធ្ងរផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២។

កាលពីថ្ងៃពុធសប្តាហ៍នេះ ព្យុះ Ian បានបោកបក់មកលើរដ្ឋផ្លូរីដារបស់សហរដ្ឋអាមេរិក ក្នុងទម្រង់ជា​ព្យុះហឺរីខិន (Hurricane) កម្រិតទី៤ដ៏ខ្លាំងក្លា។ បច្ចុប្បន្ន ព្យុះមួយនេះបានបក់បោកទៅដល់រដ្ឋការ៉ូលីណាខាងត្បូង (South Carolina)ហើយ កាលពីរសៀលថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយនាំមក ជាមួយភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ រីឯផ្ទះ និងហាងទំនិញជាង ៤០០,០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់។

មិនតែប៉ុណ្ណោះ បើតាមអាជ្ញាធរឧតុនិយមអាមេរិក ព្យុះហឺរីខិន Ian ក៏នឹងនាំមកជាមួយភ្លៀងធ្លាក់ខ្លាំងដែលអាចបង្កជាគ្រោះទឹកជំនន់ជន់លិចផ្នែកខ្លះនៃរដ្ឋ ការ៉ូលីណាខាងត្បូង និងការ៉ូលីណាខាងជើង រដ្ឋវៀជីញ៉ា (Virginia) និងរដ្ឋវៀជីញ៉ាខាងលិច (West Virginia) ដែរ រហូតដល់ព្រឹកថ្ងៃសៅរ៍សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) នៅពេលដែលព្យុះនេះថមថយឥទ្ធិពល៕