(អៅហ្កាឌូហ្គូ)៖ យោធា នៅក្នុងប្រទេសបួគីណាហ្វាសូ បានអះអាងថាខ្លួនបានធ្វើរដ្ឋប្រហារយោធាទម្លាក់ប្រធានាធិបតី លោក ប៉ូលហិនរី ដាមីបា (Paul-Henri Damiba) ចេញពីអំណាចដែលនេះជាការធ្វើរដ្ឋប្រហារជាលើកទី២ ក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះក្នុងឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយទូរទស្សន៍រដ្ឋកាលពីថ្ងៃសុក្រសប្ដាហ៍នេះ មេដឹកនាំយោធាបួគីណាហ្វាសូ លោក អ៉ីប្រាហ៊ីម ត្រាវរ៉េ (Ibrahim Traore) បានប្រកាសរំលាយរដ្ឋាភិបាលរបស់លោក ដាមីបា ព្យួររដ្ឋធម្មនុញ្ញ ព្រមទាំងដាក់បម្រាមគោចរនៅពេលយប់ ហើយក៏បានប្រកាសតែងតាំងខ្លួនឯង ជាមេដឹកនាំថ្មីរបស់បួគីណាហ្វាសូផងដែរ។ លោក ត្រាវរ៉េ បន្ថែមទៀតថាការធ្វើរដ្ឋប្រហារនេះធ្វើឡើងគឺដោយសារតែលោក ដាមីបា គ្មានសមត្ថភាពក្នុង ការដោះស្រាយការកើនឡើងនៃក្រុមឧទ្ទាមប្រដាប់អាវុធនៅក្នុងប្រទេស។ ស្ថានភាពបែបនេះធ្វើឱ្យគេនឹកឃើញដល់ការធ្វើរដ្ឋប្រហារយោធាកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ជាពេលដែលលោក ដាមីបា ឡើងកាន់អំណាចដោយការធ្វើរដ្ឋប្រហារបង្កើតរដ្ឋាភិបាលយោធាមួយឡើង។ តែមកទល់នឹងពេលនេះ គេមិនទាន់ដឹងថាតើ លោក ដាមីបា កំពុងស្ថិតនៅទីណាឡើយ។

គួរបញ្ជាក់ថា មុនរដ្ឋប្រហារកើតឡើង មានស្នូរគ្រាប់កាំភ្លើងជាច្រើន ត្រូវបានគេរាយការណ៍នៅឯមូលដ្ឋានយោធាមួយក្នុងទីក្រុង អៅហ្កាឌូហ្គូ និងស្នូរផ្ទុះមួយ នៅក្បែរវិមានប្រធានាធិបតីបួគីណាហ្វាសូ។ ការធ្វើរដ្ឋប្រហារនៅក្នុងតំបន់អាហ្វ្រិក ហាក់សឹងតែក្លាយជាទម្លាប់ទៅហើយ ដោយវាបានកើតឡើងជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះក្រៅពីបួគីណាហ្វាសូ ម៉ាលី ឆាដ និងហ្គីណេ សុទ្ធតែបានឆ្លងកាត់ការធ្វើរដ្ឋប្រហារចាប់តាំងពីឆ្នាំ២០២០មក៕