(ហ្សាការតា)៖ អាជ្ញាធរនៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថាមនុស្សម្នាក់បានស្លាប់ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីកម្រិត ៥.៨រ៉ិចទ័រ វាយប្រហារលើខេត្តស៊ូម៉ាត្រាខាងជើង (North Sumatra)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២។

បើតាមអាជ្ញាធរឥណ្ឌូណេស៊ី មនុស្ស៩នាក់ ក៏បានរងរបួសផងដែរ រីឯផ្ទះ ៥ខ្នងរងការខូចខាត។ ឥណ្ឌូណេស៊ី គឺជាប្រទេសមួយដែលតែងតែជួបគ្រោះរញ្ជួយដី ជាញឹកញាប់ ដោយសារតែមានទីតាំងភូមិសាស្ត្រស្ថិតនៅលើ «ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក» នៅក្នុងនោះដែនកោះស៊ូម៉ាត្រា ក៏ធ្លាប់រងគ្រោះធ្ងន់ធ្ងរដោយសារតែ គ្រោះរញ្ជួយដីដែរ។

កាលពីឆ្នាំ២០០៤ គ្រោះរញ្ជួយដីកម្រិត ៩.១រ៉ិចទ័រ ដែលបង្កជារលកយក្សស៊ូណាមិ កើតឡើងនៅឯឆ្នេរភាគខាងជើងនៃកោះស៊ូម៉ាត្រា ដោយផ្ដាច់ជីវិតមនុស្ស ២២៦,០០០នាក់ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ស្រីលង្កា ឥណ្ឌា ថៃ និងប្រទេសចំនួន៩ផ្សេងទៀតនៅក្នុងតំបន់៕