រុស្ស៉ី ប្រើសិទ្ធិវេតូប្រឆាំងដំណោះស្រាយ UN ថ្កោលទោស ការកាត់យកទឹកដីអ៊ុយក្រែន ខណៈចិនបោះឆ្នោតអនុបវាទ (Video inside)
01-10-2022 13:38
(យូអិន)៖ រុស្ស៉ី បានប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួន នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរារាំងការចេញដំណោះស្រាយថ្កោលទោសការកាត់យក ទឹកដីអ៊ុយក្រែន ដែលត្រូវបានប្រកាសជាផ្លូវការដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២។
អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី លីនដា ថូម៉ាស់ ហ្គ្រីនហ្វៀល (Linda Thomas-Greenfield) បានធ្វើបទបង្ហាញពីដំណោះស្រាយខាងលើទៅកាន់ ក្រុមប្រឹក្សាសន្តិសុខក្នុងកិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ ដំណោះស្រាយដដែលនេះមានគោលដៅអំពាវឱ្យរដ្ឋជាសមាជិកទាំងអស់កុំទទួលស្គាល់ ការកាត់យកទឹកដីអ៊ុយក្រែនរបស់រុស្ស៉ី និងថ្កោលទោសទង្វើខុសច្បាប់មួយនេះ ព្រមទាំងអំពាវនាវឱ្យរុស្ស៉ីដកកងទ័ពជាបន្ទាន់ចេញពីអ៊ុយក្រែន ក៏ដូចជាបិទបញ្ចប់ ការឈ្លានពានដែលធ្វើឡើងចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក។
ក៏ប៉ុន្តែ រុស្ស៉ីដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ បានប្រើសិទ្ធិវេតូប្រឆាំងជំទាស់នឹងដំណោះស្រាយមួយ ខណៈប្រទេសចំនួន ១០បានបោះឆ្នោតគាំទ្រ រីឯចិន ហ្កាបុង ឥណ្ឌា និងប្រេស៊ីល បានបោះឆ្នោតអនុបវាទ។
គួរបញ្ជាក់ថា លោកប្រធានាធិបតី ពូទីន កាលពីថ្ងៃសុក្រ បានប្រកាសបញ្ចូលតំបន់ចំនួន៤ របស់អ៊ុយក្រែន ក្នុងនោះរួមមានតំបន់ ដូណេត លូហាន ខឺសុន និងហ្សាប៉ូរីសហ្ស៉ីយ៉ា ទៅក្នុងឧបសម្ព័ន្ធរបស់រុស្ស៉ីជាផ្លូវការ ដែលជាការកាត់យកទឹកដីប្រទេសដទៃដ៏ធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី២មក។ តំបន់ទាំង៤នេះ បូកបញ្ចូលគ្នាគឺស្មើនឹងជាង ១៥ភាគរយនៃទឹកដីអ៊ុយក្រែន ប៉ុន្តែរុស្ស៉ីមិនទាន់អាចគ្រប់គ្រងតំបន់ទាំងនេះបានទាំងស្រុងនៅឡើយទេ ចំពោះមុខ ការវាយលុកពីកងទ័ពអ៊ុយក្រែន៕