(ញូយ៉ក)៖ ស្ថានកុងស៊ុលរុស្ស៉ី ប្រចាំទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានជនមិនស្គាល់មុខយកទឹកថ្នាំលាបពណ៌ក្រហម បាញ់ពាសពេញជញ្ជាំងផ្នែកខាងមុខ កាលពីព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក)។ នេះបើតាមការដកស្រង់ចេញពីដោយសារព័ត៌មាន New York Times នៅថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២។

ប៉ូលិសទីក្រុងញូវយ៉ក ទទួលបានការហៅទូរស័ព្ទរាយការណ៍ពីករណីបាញ់ថ្នាំលាបពណ៌ក្រហម នៅលើជញ្ជាំងនៃអគារស្ថានកុងស៊ុលរុស្ស៉ី នៅម៉ោងប្រហែលជា ១៖៣០នាទី កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ មកទល់នឹងពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីការឃាត់ខ្លួនជនបង្កឡើយ ខណៈប៉ូលិសកំពុងបើក ការស៊ើបអង្កេត ហើយក៏មិនទាន់មានការបញ្ជាក់ពីចេតនានៅពីក្រោយហេតុការណ៍នេះដែរ។

ក៏ប៉ុន្តែ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួន បានបញ្ចេញមតិថាការបាញ់ថ្នាំលាបពណ៌ក្រហមនេះ គឺជាការសម្ដែងការតវ៉ាប្រឆាំងនឹងសង្រ្គាមឈ្លានពាន របស់រុស្ស៉ីនៅអ៊ុយក្រែន។ ម្យ៉ាងវិញទៀត ហេតុការណ៍នេះទៀតសោត កើតមានឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ប្រកាសបញ្ចូលតំបន់ចំនួន៤ របស់អ៊ុយក្រែនចូលក្នុងឧបសម្ព័ន្ធរបស់រុស្ស៉ី៕