(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃសៅរ៍នេះបានអះអាងថាកងកម្លាំងរបស់ខ្លួនកំពុងឡោមព័ទ្ធកងទ័ពរុស្ស៉ីរាប់ពាន់នាក់ នៅក្នុងទីក្រុងឡាយមិន (Lyman) ស្ថិតនៅភាគខាងកើត នៃប្រទេស មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីលោក ពូទីន ប្រកាសបញ្ចូលតំបន់ចំនួន៤ របស់អ៊ុយក្រែនទៅក្នុងឧបសម្ព័ន្ធរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយតាមកញ្ចក់ទូរទស្សន៍ អ្នកនាំពាក្យយោធាអ៊ុយក្រែនម្នាក់បានគូសបញ្ជាក់ដូច្នេះថា «កងទ័ពរុស្ស៉ីនៅតាមតំបន់ជាច្រើននៃទីក្រុង Lyman កំពុងស្ថិត នៅក្រោមការឡាមព័ទ្ធ»។ បើតាមយោធាអ៊ុយក្រែន រុស្ស៉ីមានកងទ័ពពី ៥,០០០នាក់ ដល់៥,៥០០នាក់ នៅក្នុងទីក្រុង Lyman ប៉ុន្តែអាចនឹងមានចំនួនតិចជាងនេះដោយសារតែ ក្នុងចំណោមកងទ័ពទាំងនេះមានអ្នកស្លាប់ជាច្រើន ហើយពួកគេក៏កំពុងបរាជ័យក្នុងការបំបែកការឡាមព័ទ្ធរបស់កងកម្លាំងអ៊ុយក្រែន ដែរ។

ខាងក្រសួងការពារជាតិរុស្ស៉ីមិនទាន់ធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ ជុំវិញការអះអាងរបស់អ៊ុយក្រែន។ តែប្រសិនបើអ៊ុយក្រែនអាចដណ្ដើមបានទីក្រុង Lyman មកវិញ នោះវានឹងក្លាយជាបរាជ័យដ៏ធំមួយទៀតរបស់លោក ពូទីន នៅក្នុងសង្រ្គាមអ៊ុយក្រែន៕