(ហ្សការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ី បានឱ្យដឹងថា មនុស្សយ៉ាងហោច ៤៤នាក់បានបាត់បង់ជីវិត និងរាប់រយនាក់ទៀតបានរងរបួស ក្រោយគ្រោះរញ្ជួយដីមួយកម្រិត៥.៦រ៉ិចទ័រ បានអង្រួនកោះជ្វាខាងលិច (West Java) នារសៀលថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

អ្នកនាំពាក្យរដ្ឋបាលក្រុងសៀនជួរ (Cianjur) ដែលស្ថិតនៅកោះជ្វាខាងលិច និងជាកន្លែងរងការ​វាយប្រហារចំដោយគ្រោះរញ្ជួយដី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មនុស្សយ៉ាងហោច៤៤នាក់ បានបាត់បង់ជីវិត និងរាប់រយនាក់ផ្សេងទៀត បានរងរបួស ខណៈលំនៅឋានរាប់រយ ឬអាចដល់រាប់ពាន់ខ្នង បានរងការខូចខាត។ ដោយឡែក ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយ របស់ប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា អាជ្ញាធរកំពុងវាយតម្លៃលើទំហំជាក់ស្តែង នៃការបំផ្លិចបំផ្លាញ និងចំនួនមនុស្សរងគ្រោះថ្នាក់ ដោយសារហេតុការណ៍រញ្ជួយដី។

ចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើ ដែលស្ថិតក្នុងក្រុងសៀនជួរ បានកើតឡើងនៅជម្រៅ១០គីឡូម៉ែត្រ ក្រោមផ្ទៃដីផ្ទាល់ និងមានចម្ងាយប្រហែល៧៥គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាការតា។ វាគឺជាជម្រៅដ៏រាក់មួយ ដែលអាចមានលទ្ធភាពបង្កការបំផ្លិចបំផ្លាញខ្លាំងបាន ទោះរញ្ជួយដីនេះមានកម្រិតក្រោម៦រ៉ិចទ័រក៏ដោយ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៉ីគឺជាប្រទេសមួយ ស្ថិតនៅតំបន់គេហៅថា ខ្សែក្រវាត់ភ្នំភ្លើងនៃមហាសមុទ្រប៉ាស៉ីហ្វិក ដែលងាយរងគ្រោះបាតុភូតរញ្ជួយដីនិងបន្ទុះភ្នំភ្លើងញឹកញាប់៕