(ប៉េកាំង)៖ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ដែលទាក់ទងនឹងសេដ្ឋកិច្ចពិភពលោក ដូចជាស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព ទើបG20ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩។ G20គឺជាវេទិកាអន្តររដ្ឋាភិបាលដែលមានប្រទេសចំនួន១៩ និងសហភាពអឺរ៉ុប(EU)។ ចាប់តាំងពីឆ្នាំ២០០៨មក វេទិកាG20បានកោះប្រជុំយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ជាមួយនឹងកិច្ចប្រជុំកំពូលដែលពាក់ព័ន្ធនឹងប្រមុខ រដ្ឋាភិបាល ឬរដ្ឋរបស់សមាជិកនីមួយៗ រដ្ឋមន្ត្រីហិរញ្ញវត្ថុ ឬរដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់ដទៃទៀត។

ដើម្បីចូលរួមបង្កើនកម្លាំងដល់ឈានទៅសម្រេចបាន នូវការកសាងពិភពលោកប្រកបដោយសន្តិភាពនិងវិបុលភាព ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងទាំង២០ បាននិងកំពុងប្រមូលផ្តុំគ្នានៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលនេះជាការបង្ហាញថាទស្សនៈដែលចិនតែងបានលើកឡើង និងគិតគូរតាំងពីឆ្នាំ២០១៥ស្តីពីការកសាង សហគមន៍ជោគវាសនារួម នៃមនុស្សជាតិ បាននិងកំពុងបង្កើនឫទ្ធានុភាពរបស់ខ្លួន ហើយស្តែងឡើងតាមរយៈវត្តមានរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ដែលបានអញ្ជើញទៅដល់កោះបាលី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ដើម្បីសម្រេចបាននូវក្តីសុបិននិងបំណងប្រាថ្នា ដែលត្រូវបានបង្កើតឡើងដោយមនុស្សជាតិ ជាពិសេសចាប់តាំងពីការបិទបញ្ចប់សង្គ្រាមត្រជាក់ មនុស្សជាតិបានខិតខំប្រឹងប្រែងពង្រីក កិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍរួម ដោយបន្តដំណើរយ៉ាងស្វាហាប់ឆ្ពោះទៅមុខ នៅលើផ្លូវម៉ារ៉ាតុងនៃសន្តិភាពនិងការអភិវឌ្ឍ ដែលនេះជាគោលគំនិតរបស់ G20 ដែលបានយល់ស្របនឹងគំរូភាព នៃសកម្មភាពជាក់ស្តែង របស់ចិនដែលមានតាំងពីបុរាណកាលមក។

ក្នុងឱកាសនៃជំនួបជាមួយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន លោក Joe Biden ប្រធានាធិបតីអាមេរិកទទួលស្គាល់ពី ស្ថិរភាពនិងការអភិវឌ្ឍរបស់ប្រទេសចិន គឺសមស្របនឹងផលប្រយោជន៍របស់អាមេរិក និងពិភពលោក។ ទាំងចិន ទាំងសហរដ្ឋអាមេរិក សុទ្ធសឹងបង្ហាញពីឆន្ទៈ ក្នុងការគ្រប់គ្រងបាននូវការខ្វែងគំនិតដើម្បីចៀសវាង កុំឱ្យវិវឌ្ឍន៍ទៅរកការប៉ះទង្គិចនិងបដិបក្ខគ្នា ដោយសារការវិនិច្ឆ័យខុសឆ្គងឬការប្រកួតប្រជែងគ្នាខ្លាំង។

ដើម្បីថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ ការបើកចំហសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងបញ្ហាជាសារវន្តនានារបស់ពិភពលោក ត្រូវបានផ្ទៀងផ្ទាត់ជាមួយសកម្មភាពជាច្រើនរបស់ប្រធានរដ្ឋចិន នៅក្នុងវេទិកា G20 បានបញ្ជាក់ពីភាពស្វាហាប់ និងការទូតតាមបែបផែនចិន ក្នុងការចូលរួមដោះស្រាយបញ្ហាសកល និងបង្កើនកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ចំពោះបញ្ហាសកលដូចជាបញ្ហា នៃការប្រែប្រួលអាកាសធាតុ ការលុបបំបាត់ចោលឲ្យអស់ នូវរាល់គំនិតចង្អៀតចង្អល់ នៃល្បែងផលបូកស្មើសូន្យ ដែលអាចឆ្លុះបញ្ចាំងតាមរយៈលទ្ធផល នៃជំនួបរវាងចិននិងអាមេរិក ចិននិងកូរ៉េខាងត្បូង ចិននិងហូឡង់ជាដើម។

លើសពីនេះចិនបានបង្កើននូវ ការអភិវឌ្ឍប្រកបដោយចីរភាពនិងការធានា ឲ្យមានការរីកចម្រើនផ្នែកអរិយធម៌ គឺជាអ្វីដែលមនុស្សជាតិចង់បាន នោះគឺការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិមួយដែលជាបេសកកម្មចម្បង សម្រាប់ G20 ខិតខំក្នុងការសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកប ដោយបរិយាប័ន្ន និងការអភិវឌ្ឍឈ្នះ-ឈ្នះ ហើយនេះក៏ជាទស្សនវិជ្ជារបស់ចិន ក្នុងការកសាងអនាគតប្រកបដោយបរិយាប័ន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការអភិវឌ្ឍរួមនៃរង្វង់ស្មារតីនៃការស្វែងរកភាពសុខដុមរមនា បើទោះបីជាចិនយល់ស្របពីដំណើរមាគ៌ាអភិវឌ្ឍ នៃប្រទេសនីមួយៗមិនដូចគ្នាក៏ដោយ។

ដើម្បីសហគមន៍រួមជីវិតរវាងមនុស្សជាតិនិងធម្មជាតិ ថ្នាក់ដឹកនាំនៃបណ្តាប្រទេស G20 បានចូលរួមដាំដើមឈើសាមគ្គីនៅក្នុង តំបន់ព្រៃកោងកាងទុកជាអនុស្សាវរីយ៍ ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបាននិងកំពុងបង្ហាញពីការចូលរួមយ៉ាងសកម្ម នៅក្នុងគោលគំនិតអរិយធម៌របស់ចិនដែលតែងឲ្យតម្លៃ ទៅលើភាពសុខដុមរមនារវាងមនុស្សនិងធម្មជាតិ ហើយគោរពធម្មជាតិ។ គោលគំនិតនេះ ចិនបានបង្ហាញយ៉ាងច្បាស់ចេញជារូបរាងយ៉ាង ប្រត្យក្សនៅក្នុងផែនការ៥ឆ្នាំ លើកទី១៣របស់ខ្លួនមកម៉្លេះ។ ចិនជាប្រទេសដែលបានកសាងរួចរាល់និងពេញលេញ នូវប្រព័ន្ធថាមពលដែលបញ្ចេញកាបូនតិច អភិវឌ្ឍឲ្យមានអាគារបៃតង និងការដឹកជញ្ជូនដែលបញ្ចេញកាបូនតិច ហើយកសាងទីផ្សារពាណិជ្ជកម្មឧស្ម័នកាបូនិក ដែលបានបញ្ចេញចោលនៅទូទាំងប្រទេស ដើម្បីជំរុញគំរូនៃទំនើបកម្មបែបថ្មី ដែលផ្តល់នូវភាពសុខដុមរវាងមនុស្ស និងធម្មជាតិ។

ជារួម G20 ដែលកំពុងប្រឹងប្រែងក្នុងការដោះស្រាយ នូវបញ្ហាសកលគឺជាបេសកកម្មរួមរបស់មនុស្សជាតិ ដែលជាគោលគំនិតដើមរបស់ចិនស្តីពី ការកសាងសហគមន៍ជោគវាសនារួម។ នៅក្នុងវេទិកា G20 គ្រប់ប្រទេសទាំងអស់ដែលបានចូលរួម និងបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក កំពុងយកចិត្តទុកដាក់សម្លឹងមើលមកប្រទេសចិន ដែលជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់ ពីតួនាទីកាន់តែសកម្មនិងសំខាន់របស់ប្រទេសចិន ក្នុងការចូលរួមចំណែកដល់ការបង្កើតយន្តការសកលប្រកបដោយសមធម៌ និងភាពស័ក្តិសិទ្ធ ក្នុងការដោះស្រាយបញ្ហាសកល និងការអភិវឌ្ឍសកលប្រកបដោយចីរភាពកម្រិតខ្ពស់ និងទំនាក់ទំនងការទូតអន្តរជាតិតាមបែបផែនចិន ដែលផ្អែកលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន