(ហ្សការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ី បានរាយការណ៍ឱ្យដឹងថា ចំនួនមនុស្សស្លាប់ដោយគ្រោះរញ្ជួកដីនៅប្រឥណ្ឌូណេស៊ីកើនដល់ ៦២នាក់ និងប្រមាណ ៧០០នាក់បានរងរបួស ខណៈ២៥នាក់បន្តបាត់ខ្លួន ក្រោយគ្រោះរញ្ជួយដីមួយកម្រិត៥.៦រ៉ិចទ័រ បានអង្រួនកោះជ្វាខាងលិច (West Java) នារសៀលថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

ការរញ្ជួយដីនេះក៏បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង អគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ។ ការ​រញ្ជួយ​ត្រូវ​បាន​ទទួល​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ក្នុង​រដ្ឋធានី​ហ្សាកាតា​។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ លោក Abdul Muhari បានប្រាប់ស៊ីនហួតាមទូរស័ព្ទថា «ឥឡូវនេះចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦២នាក់ និងមនុស្សប្រហែល ៧០០នាក់បានរងរបួស ដោយបន្ថែម​ថា អ្នក​បាត់​ខ្លួន​ទាំង ២៥​នាក់ ត្រូវ​បាន​កប់​ក្រោម​គំនរ​បាក់បែក​នៃផ្ទះ និង​អគារដែលដួលរលំ។

លោកបានបន្ថែមថា មនុស្សជាង ៥,០០០នាក់ ត្រូវបានបង្ខំឱ្យជ្រកកោននៅកន្លែងដែលមានសុវត្ថិភាពជាងមុន ខណៈដែលការរញ្ជួយបានបំផ្លាញផ្ទះ អគារ និងហេដ្ឋារចនាសម្ព័ន្ធជាង ២,០០០ខ្នង។

គួរបញ្ជាក់ថា ឥណ្ឌូណេស៉ីគឺជាប្រទេសមួយ ស្ថិតនៅតំបន់គេហៅថា ខ្សែក្រវាត់ភ្នំភ្លើងនៃមហាសមុទ្រប៉ាស៉ីហ្វិក ដែលងាយរងគ្រោះបាតុភូតរញ្ជួយដីនិងបន្ទុះភ្នំភ្លើងញឹកញាប់៕