(ប៊ុយដាប៉ែស)៖ រដ្ឋាភិបាលហុងគ្រី បានប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ១៨៧លានអឺរ៉ូ ឬស្មើនឹង ១៩៥លានដុល្លារ ដល់អ៊ុយក្រែនដែលជាការរួមចំណែករបស់ខ្លួន ក្នុងកញ្ចប់ជំនួយរបស់សហភាពអឺរ៉ុប ដែលបានគ្រោងទុករហូតដល់ទៅ ១៨ពាន់លានអឺរ៉ូ នៅឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី លោក វ៉ិចទ័រ អរបាន (Viktor Orban) បានឲ្យដឹងថា ហុងគ្រីមានឆន្ទៈក្នុងការបង់ចំណែក នៃការគាំទ្ររបស់ខ្លួន សម្រាប់អ៊ុយក្រែន ប៉ុន្តែចង់ធ្វើឡើងជាលក្ខណៈទ្វេភាគីជាជាង តាមរយៈកម្ចីរួមរបស់សហភាពអឺរ៉ុប។ លោក អរបាន បានណែនាំដល់រដ្ឋមន្ត្រីការបរទេស លោក ផីតធឺ ហ្ស៉ីកហ្សាតូ (Peter Szijjarto) ឲ្យបើកកិច្ចពិភាក្សាជាមួយភាគីអ៊ុយក្រែន សម្រាប់កិច្ចព្រមព្រៀងផ្តល់ជំនួយហិរញ្ញវត្ថុខាងលើនេះ។

សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា «រដ្ឋាភិបាលហុងគ្រី បន្តប្តេជ្ញាចូលរួមគាំទ្រផ្នែកហិរញ្ញវត្ថុដល់អ៊ុយក្រែន ដែលកំពុងមានសង្រ្គាម។ ដូច្នេះរដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ខ្លួន នឹងធ្វើឲ្យប្រាកដថាការផ្តល់ប្រាក់ចំនួន១៨៧លានអឺរ៉ូ ឬ១៩៥លានដុល្លារ គឺជាការចូលរួមចំណែករបស់ហុងគ្រីដោយផ្ទាល់ សម្រាប់អ៊ុយក្រែន»

គួរបញ្ជាក់ថា សហភាពអឺរ៉ុបមានផែនការបង្កើតមូលនិធិប្រាក់កម្ចី សម្រាប់អ៊ុយក្រែនដែលនឹងត្រូវសងក្នុងរយៈពេល ៣៥ឆ្នាំ។ ប៉ុន្តែសំណើសម្រាប់កញ្ចប់ថវិការនេះ នឹងត្រូវការអនុម័តដោយសភាអឺរ៉ុប និងប្រទេសសមាជិកទាំង ២៧របស់ប្លុក EU ហើយហុងគ្រីបានអះអាងថា ខ្លួននឹងមិនចូលរួមនោះឡើយ៕