(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសជប៉ុន បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមការត្រៀមរៀបចំហើយ សម្រាប់ឱ្យនាយករដ្ឋមន្រ្តី លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) បំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីបើកកិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីលោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ (Kyodo) ដែលផ្អែកលើប្រភពពី ក្រុមមន្រ្តីមិនបញ្ចេញអត្តសញ្ញាណក្នុងជួររដ្ឋាភិបាល បានរាយការណ៍ថា ដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីវ៉ាស៉ីនតោន របស់លោក គីស៉ីដា ប្រហែលនឹងកើតមានឡើងនៅកំលុងដើមខែមករា ឆ្នាំ២០២៣ ដោយរដ្ឋាភិបាលជប៉ុនកំពុងសម្លឹងមើលកាលបរិច្ឆេទ នៅថ្ងៃទី៧-៩ ខែមករា។ វានឹងជាដំណើរទស្សនកិច្ច​ដំបូងបំផុតទៅកាន់សហរដ្ឋអាមេរិក គិតចាប់តាំងពីលោក គីស៉ីដា បានក្លាយជានាយករដ្ឋមន្រ្តីជប៉ុន កាលពីខែតុលា ឆ្នាំ២០២១។

គួរបញ្ជាក់ថា កាលពី២សប្តាហ៍មុន កំលុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសកម្ពុជា លោកនាយករដ្ឋមន្រ្តីជប៉ុន ក៏បានជួបពិភាក្សា​ក្នុងលក្ខណៈត្រីភាគីជាមួយលោក បៃដិន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ស្តីពីបញ្ហាកូរ៉េខាងជើងផងដែរ៕