(កៀវ)៖ បន្ទាប់ពីការដណ្តើមយកទីក្រុងខឺសុន (Kherson) មកវិញ អ៊ុយក្រែនបានធ្វើឲ្យកងកម្លាំងរុស្ស៊ីពិបាកស្មាន អំពីផែនការវាយលុកបន្ទាប់របស់ពួកគេ ខណៈទីក្រុងមូស្គូ កំពុងរវល់ពង្រឹងកងទ័ពនៅទីតាំងការពារ មិនមានពេលសម្រាប់ធ្វើប្រតិបត្តិការវាយបកទេ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

អនុប្រធានទីភ្នាក់ងារស៊ើបការណ៍យោធាអ៊ុយក្រែន ឧត្តមសេនីយ៍ទោ វ៉ាឌីម ស្គីប៊ីតស្គីយី (Vadym Skibitskyi) បានប្រាប់កាសែត Kyiv Post ឲ្យដឹងថា កងទ័ពរុស្ស៊ីប្រហែល ៣០,០០០នាក់ ដែលបានដកថយចេញពីច្រាំងខាងលិចនៃទន្លេឌីនីប្រូ កាលពីដើមខែវិច្ឆិកានេះ កំពុងពង្រឹងខ្លួននៅក្នុងតំបន់ហ្សាប៉ូរីសហ្ស៉ីយ៉ា និងខឺសុន កំឡុងសប្តាហ៍ទី៣៩ នៃសង្រ្គាម។

លោក ស្គីប៊ីតស្គីយី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កងកម្លាំងរុស្ស៊ី កំពុងរង់ចាំការវាយលុករំដោះរបស់យើង នោះហើយជាមូលហេតុដែលពួកគេបាន បង្កើតខ្សែការពារនៅឯខឺសុន។ ហើយមួយទៀតគឺនៅព្រំដែនរដ្ឋបាលនៃតំបន់ខឺសុន និងតំបន់គ្រីមៀ។ រីឯមួយទៀតនៅតំបន់ភាគខាងជើងតំបន់គ្រីមៀ»

ដោយឡែកក្រុមមន្រ្តីអ៊ុយក្រែន ក៏បាននិយាយ ដែរថា «សត្រូវកំពុងតែការពារ នៅគោលដៅហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា។ ចំណែកនៅក្នុងគោលដៅទីក្រុងគ្រីវយី រីហ៍ (Kryvyi Rih) និងខឺសុន Kherson សត្រូវកំពុងបង្កើតប្រព័ន្ធការពារដំឡើងឧបករណ៍ បង្កើនការដឹកជញ្ជូន ប៉ុន្តែមិនបញ្ឈប់ការបាញ់កាំភ្លើងធំមកលើទីតាំង និងការតាំងទីលំនៃកងទ័ពរបស់យើង នៅច្រាំងខាងស្តាំនៃទន្លេឌីនីប្រូឡើយ»

គួរបញ្ជាក់ថា រុស្ស៊ីបាន និងកំពុងផ្តល់អាទិភាពដល់ការកាន់កាប់តំបន់លូហាន (Luhansk) និងដូណេត (Donetsk) នៅភាគខាងកើត ហើយកាំភ្លើងធំរបស់រុស្ស៊ី បានវាយលុកយ៉ាងសម្បើម ទៅលើអ្នកការពារអ៊ុយក្រែននៅទីនោះរយៈពេញមួយសប្តាហ៍។ យ៉ាងនេះក្តី ទោះជាមានការកែនទាហានចំនួន ៣០០,០០០នាក់ នៅក្នុងខែកញ្ញា និងខែតុលាក៏ដោយ ប៉ុន្តែរុស្ស៊ីហាក់ដូចជានៅតែខ្វះខាតកម្លាំង ឬប្រហែលជាមិនអាចបំពាក់ឧបករណ៍ដល់កងកម្លាំងទាំងនោះបានគ្រប់គ្រាន់៕