(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាលោកផ្ទាល់ «សូមចូលរួមរំលែកក្ដីឈឺចាប់» របស់ម្ដាយនៃទាហានរុស្ស៉ីដែលបានស្លាប់ នៅក្នុងសង្រ្គាមអ៊ុយក្រែន ហើយថាពួកគេមិនមែនស្លាប់ដោយឥតប្រយោជន៍នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើក្នុងជំនួបជាមួយក្រុមម្ដាយរបស់ទាហានរុស្ស៉ី ដែលត្រូវបានបញ្ជូនទៅប្រយុទ្ធ និងបានស្លាប់នៅក្នុងសង្រ្គាម នៅឯ គេហដ្ឋានរបស់លោកស្ថិតនៅជាយទីក្រុងមូស្គូ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ នៅក្នុងជំនួបនោះដែរ ដែលធ្វើឡើងជាលើកដំបូងចាប់តាំងពីបញ្ជាឱ្យ កងទ័ពរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាដឹងថាខ្លួនខ្ញុំផ្ទាល់ និងថ្នាក់ដឹកនាំប្រទេសទាំងអស់, យើងសូមចូលរួមរំលែកក្ដីឈឺចាប់របស់អ្នកទាំងគ្នា...យើងដឹងថាគ្មានអ្វីដែលអាចមកជំនួសការបាត់បង់កូនប្រុសម្នាក់បាន ឡើយ ជាពិសេសសម្រាប់ម្ដាយម្នាក់»។ លោក ពូទីន បន្ថែមថាទាហានរុស្ស៉ី មិនមែនស្លាប់ដោយឥតប្រយោជន៍នោះទេ ហើយលោកក៏បានស្នើផងដែរឱ្យ ម្ដាយរបស់ទាហានរុស្ស៉ី កុំជឿលើការឃោសនាភូតកុហក ចំពោះសង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមសហរដ្ឋអាមេរិក សង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បានធ្វើឱ្យកងទ័ពទាំងសងខាងស្លាប់និងរបួសរាប់ម៉ឺននាក់ ហើយជម្លោះនេះបានបង្កឱ្យមានការប្រឈមមុខគ្នាខ្លាំងក្លាបំផុត រវាងរុស្ស៉ីនិងក្រុមលោកខាងលិច ចាប់តាំងពីវិបត្តិមីស៉ីលគុយបា ឆ្នាំ១៩៦២មក។

ទាហានរុស្ស៉ីរាប់សែននាក់ ត្រូវបានបញ្ជូនឱ្យទៅប្រយុទ្ធក្នុងសង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន ក្នុងនោះរួមមានទាំងមួយចំនួន នៃទាហានបម្រុងជាង ៣០០,០០០នាក់ ដែលត្រូវបានកោះហៅ នៅក្រោមចំណាត់ការកេណ្ឌទ័ពបន្ថែម ដែលប្រកាសដោយលោក​ប្រធានាធិបតីរុស្ស៉ី កាលពីខែកញ្ញា។

លោក ពូទីន ធ្លាប់បានអះអាងថា លោកមិនស្តាយក្រោយបន្តិចសោះឡើយ អំពីការចាប់ផ្តើមនូវអ្វីដែលលោកហៅថា «ប្រតិបត្តិការយោធាពិសេស» ប្រឆាំងលើអ៊ុយក្រែន ហើយបានប្រកាសអះអាងថា សង្រ្គាមនេះគឺជាពេលដែលរុស្ស៉ីត្រូវងើបឈរឡើង ប្រឆាំងនឹងអនុត្តរភាពរបស់ លោកខាងលិចដ៏ក្រអឺតក្រទម ក្រោយរងការមើលងាយធ្វើបាបក្រោមក្តីអាម៉ាស់ អស់រយៈពេលជាច្រើនឆ្នាំ ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត នៅឆ្នាំ១៩៩១។

ប៉ុន្តែ អ៊ុយក្រែននិងក្រុមលោកខាងលិចវិញ បានលើកឡើងថា លោក ពូទីន ពុំមានហេតុផលត្រឹមត្រូវអ្វីនោះឡើយ សម្រាប់ទង្វើដែល​ពួកគេហៅថាជា ការធ្វើសង្រ្គាមបែបចក្រពត្តិដើម្បីត្រួតត្រាប្រទេសដទៃ។ ទីក្រុងកៀវបានប្តេជ្ញាថា ខ្លួននឹងប្រយុទ្ធដល់ចុងបញ្ចប់ គឺទាល់តែទាហានរុស្ស៉ីចុងក្រោយ ត្រូវបានវាយបណ្តេញឱ្យចេញផុតពីទឹកដីអ៊ុយក្រែន។

មកទល់នឹងពេលនេះ អ៊ុយក្រែនមិនបានបង្ហើបអំពីចំនួនទាហានខ្លួន ដែលបាត់បង់ក្នុងសង្រ្គាមឡើយ។ ចំណែកលើកចុងក្រោយដែលរុស្ស៉ី អះអាងពីតួលេខនៃកងទ័ព ដែលខ្លួនបានបាត់បង់ក្នុងសង្រ្គាមនៅអ៊ុយក្រែន គឺកាលពីថ្ងៃទី២១ ខែកញ្ញា នៅពេលរដ្ឋមន្រ្តីការពារជាតិ លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) បាននិយាយថា ទាហានរុស្ស៉ី៥,៩៣៧នាក់បានស្លាប់។ ប៉ុន្តែ ចំនួននេះគឺទាបខ្លាំងណាស់ បើធៀបនឹងតួលេខប៉ាន់ស្មានរបស់សហរដ្ឋអាមេរិក ដោយកាលពីថ្ងៃទី៩ ខែវិច្ឆិកា មេទ័ពកំពូលរបស់អាមេរិក បានប៉ាន់ប្រមាណថា រុស្ស៉ីនិងអ៊ុយក្រែនម្ខាងៗ គឺអាចមានទាហានរហូតដល់ជាង ១០០,០០០នាក់ ស្លាប់ឬរបួស៕