(តូក្យូ)៖ អ្នកកាសែតជប៉ុនមួយរូប ដែលទើបតែត្រូវបានដោះលែងពីមីយ៉ាន់ម៉ា បានចេញមុខអំពាវនាវនៅថ្ងៃចន្ទនេះ ឱ្យទីក្រុងតូក្យូ ដាក់សម្ពាធបន្ថែមទៀតទៅលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ហើយទទួលយកជនភៀសខ្លួន ដែលរត់មកពីប្រទេសអាស៊ានមួយនេះ ឱ្យកាន់តែច្រើន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក តូរុ គូបូតា (Toru Kubota) បានចំណាយពេល៣ខែកន្លះ ជាប់ក្នុងពន្ធនាគារនៅប្រទេសមីយ៉ាន់ម៉ា ក្រោយត្រូវបានឃាត់ខ្លួន នៅក្បែរទីតាំងចលនាបាតុកម្មប្រឆាំងរបបយោធា ក្នុងទីក្រុងយ៉ាងហ្គូន (Yangon) កាលពីខែកក្កដា ជាមួយពលរដ្ឋមីយ៉ាន់២នាក់ ផ្សេងទៀត។ ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ យោធាមីយ៉ាន់ម៉ាបានចាប់ឃុំមនុស្សរាប់ពាន់នាក់ ក្នុងការបង្រ្កាបយ៉ាង​​ចាស់ដៃលើ អ្នកដែលមិនពេញចិត្ត នឹងរបបដឹកនាំរបស់ខ្លួន។

លោក គូបូតា ដែលមានវ័យ២៦ឆ្នាំ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ សម្រាប់ការថតសកម្មភាពបាតុកម្ម ព្រមទាំង៣ឆ្នាំទៀត សម្រាប់ការបំពានច្បាប់អន្តោប្រវេសន៍របស់មីយ៉ាន់ម៉ា។ លោកត្រូវបានដោះលែង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ជាមួយអ្នកទោសជិត៦,០០០នាក់ផ្សេងទៀត រួមមានទាំងអតីតឯកអគ្គរាជទូតអង់គ្លេស លោកស្រី វិគី បូមែន (Vicky Bowman) និង សាស្រ្តាចារ្យសេដ្ឋកិច្ចអូស្រ្តាលី លោក សន ថឺនែល (Sean Turnell)។

អ្នកកាសែតជប៉ុនរូបនេះ បានទទូចឱ្យជប៉ុនប្រកាន់ជំហរសកម្មនិងម៉ឺងម៉ាត់ជាងមុន ចំពោះបញ្ហារំលោភសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា និងរិះគន់មីយ៉ាន់ម៉ាឱ្យកាន់តែខ្លាំងសម្រាប់រឿងនោះ។ ជាមួយគ្នា លោក គូបូតា ក៏បានទទូចឱ្យទីក្រុងតូក្យូ ទទួលយកជនភៀសខ្លួន បន្ថែមពីមីយ៉ាន់ម៉ាផងដែរ។

គួរបញ្ជាក់ថា នៅក្រោយរដ្ឋប្រហារយោធា ជប៉ុនកន្លងមកបានប្រកាសថា ខ្លួននឹងផ្អាករាល់គម្រោងជំនួយថ្មីៗ ប៉ុន្តែកម្មវិធីដែលកំពុង​ដំណើរការស្រាប់ គឺមិនប៉ះពាល់ទេ ហើយទីក្រុងតូក្យូក៏មិនបានដាក់ទណ្ឌកម្មលើយោធាឬក៏ប៉ូលិសមីយ៉ាន់ម៉ាដែរ។ យ៉ាងណាមិញ កាលពីខែកញ្ញា ក្រសួងការពារជាតិជប៉ុន បានអះអាងថា ខ្លួននឹងបញ្ឈប់កម្មវិធីចម្រូងចម្រាសមួយ ដែលផ្តល់ការបណ្តុះបណ្តាល ដល់សមាជិកយោធាមីយ៉ាន់ម៉ា៕