(វ៉ាស៊ីនតោន)៖ ខឺសុន (Kherson) ដែលជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់ បានត្រឡប់មកនៅក្នុងដៃកងទ័ពអ៊ុយក្រែនវិញហើយ បើទោះជាកំពុងស្ថិតនៅក្រោមការគំរាម ទម្លាក់គ្រាប់បែកពីរុស្ស៉ី និងការវាយប្រហារលើបណ្ដាញផ្គត់ផ្គង់អគ្គិសនីក៏ដោយ។ ក៏ប៉ុន្តែ ខណៈកងទ័ពទាំងសងខាង កំពុងត្រៀមខ្លួនសម្រាប់ «សង្រ្គាមរដូវរងា» សមរភូមិ ចំនួន២ ដាច់ដោយឡែកពីគ្នា កំពុងលេចចេញជារូបរាងឡើង នោះគឺ «សង្រ្គាមផ្លូវគោក និងសង្រ្គាមផ្លូវអាកាស»។ ដូច្នេះថាតើលោកខាងលិចអាចធ្វើអ្វីខ្លះបន្ថែមទៀត ដើម្បីជួយអ៊ុយក្រែន ដោះស្រាយបញ្ហាប្រឈមបន្ទាន់ និងរក្សាជ័យជម្នះរយៈពេលវែង?

ខណៈព្រិលកំពុងធ្លាក់ដែលនឹងធ្វើឱ្យស្ថានភាពផ្ទៃដីប្រែទៅជាឧបសគ្គពន្យឺតដល់ការធ្វើប្រតិបត្តិការយោធា ទាំងរុស្ស៉ី និងអ៊ុយក្រែនសុទ្ធតែត្រូវការពេលសម្រាក ដើម្បី ពង្រឹងកម្លាំងទ័ព និងបំពេញបរិក្ខារយោធាឡើងវិញ។ នេះមានន័យថា សង្រ្គាម ឬប្រតិបត្តិការយោធាពេញទំហឹងទំនងជានឹងអាចធ្វើឡើងក្នុងពេលដ៏ខ្លីឡើយ ដោយនឹងត្រូវ រង់ចាំរហូតដល់ចុងរដូវងា ជាពេលផ្ទៃដីប្រែជា «ទឹកកក» ដែលអំណោយផលល្អដល់ «ភាគីណា» ដែលមានអាវុធធន់ធ្ងរ។ បច្ចុប្បន្ន អ៊ុយក្រែនកំពុងមានប្រៀបជាងរុស្ស៉ី នៅលើសមរភូមិសង្រ្គាមជើងគោក តែនៅក្រោយការបោះបង់ចោលទីក្រុងខឺសុន ទីតាំងការពាររបស់រុស្ស៉ីត្រូវបានបង្រួមឱ្យតូច និងពិបាកសម្រាប់អ៊ុយក្រែន ក្នុងការវាយលុក។

នៅក្នុងទ្រឹស្ដីយោធា សង្រ្គាមជើងគោក គឺអំណោយដល់ភាគីម្ខាងដែលកំពុងការពារ ជាជាងភាគីម្ខាងទៀតដែលកំពុងវាយលុក។ ពោលគឺ ដើម្បីអាចវាយលុកលើកងទ័ពដែល បានជីក «លេណដ្ឋាន» ការពារដ៏រឹងមាំមួយ ភាគីវាយលុកត្រូវការកងទ័ពច្រើនជាងភាគីការពារ ឬអាចនិយាយបានថា កងទ័ព ៣នាក់ ត្រូវប្រយុទ្ធទល់នឹងកងទ័ពម្នាក់។ យ៉ាងណាក៏ដោយ តាមរយៈការដណ្ដើមបានទីក្រុងខឺសុនមកវិញ ក្រុមអ្នកជំនាញយោធាលោកខាងលិចជឿថា កងទ័ពអ៊ុយក្រែននៅតែអាចរក្សាឧត្ដមភាពរបស់ខ្លួនខាង សង្រ្គាមជើងគោក។ តែចុះសង្រ្គាមតាមផ្លូវអាកាសវិញ? នៅក្នុងសង្រ្គាមផ្លូវអាកាសសព្វថ្ងៃ រុស្ស៉ីគឺកំពុងមានប្រៀបជាងអ៊ុយក្រែន នោះគឺដោយសារតែរុស្ស៉ីមាន កងកម្លាំងជើងអាកាសដ៏ធំ ហើយបានស្រង់បទពិសោធន៍ជាច្រើនពីសង្រ្គាមនៅស៊ីរី។

ក្នុងសង្រ្គាមស៊ីរី កងទ័ពអាកាសរុស្ស៉ីបានទម្លាក់គ្រាប់បែកលើទីក្រុងជាច្រើនរបស់ស៊ីរី ជាពិសេសគឺទីក្រុងអាឡិបប៉ូ (Aleppo) ដែលបានធ្វើឱ្យអគារ និងផ្ទះខ្ទេចខ្ទីជាច្រើន សឹងតែក្លាយទៅជាផេះ ក្នុងចេតនាកាត់ផ្ដាច់ការគាំទ្រនានាសម្រាប់ក្រុមឧទ្ទាមស៊ីរី ដែលប្រយុទ្ធប្រឆាំងនឹងកងកម្លាំងលោកប្រធានាធិបតី បាស្ហា អាល់អាសាដ ជាសម្ព័ន្ធមិត្ត របស់លោក ពូទីន។ យុទ្ធសាស្ត្របំផ្លិចបំផ្លាញនេះឯង កំពុងត្រូវបានរុស្ស៉ីយកមកអនុវត្តលើអ៊ុយក្រែន ក្រោមការបញ្ជាពីឧត្ដមសេនីយ៍ លោក សឺហ្គៃ ស៊ូរ៉ូវីគីន (Sergei Surovikin) ដែលជាមេបញ្ជាការរុស្ស៉ីថ្មីដឹកនាំសង្រ្គាមនៅអ៊ុយក្រែន និងធ្លាប់ជាអ្នកដឹកនាំយុទ្ធនាការទម្លាក់គ្រាប់បែកនៅស៊ីរី។ ប្រតិបត្តិការទម្លាក់គ្រាប់បែករបស់រុស្ស៉ីលើ បណ្ដាញផ្គត់ផ្គង់អគ្គិសនី និងប្រព័ន្ធចែកចាយទឹកស្អាតរបស់អ៊ុយក្រែន គឺមានគោលដៅបំបាក់ស្មារតីតស៊ូប្រយុទ្ធរបស់ប្រជាជនអ៊ុយក្រែន តាមរយៈការបង្កកពួកគេឱ្យ ទន់ជង្គង់។

នៅក្នុងសង្រ្គាមជាង ៩ខែមកនេះ មីស៊ីលស៊េរីទំនើបរបស់រុស្ស៉ីបានធ្លាក់ចុះយ៉ាងខ្លាំងចេញពីឃ្លាំងស្ដុក រហូតដល់បង្ខំឱ្យទីក្រុងមូស្គូ ងាកទៅទិញអាវុធពីសម្ព័ន្ធមិត្តមួយចំនួន របស់ខ្លួនដូចជាអ៉ីរ៉ង់។ ប៉ុន្តែ លោក ពូទីន នៅមានគ្រាប់បែក និងមីស៊ីល សេសសល់ពីសម័យសង្រ្គាមត្រជាក់ច្រើនសន្ធឹកសន្ធាប់ ដែលអាចឱ្យរុស្ស៉ីបន្តទម្លាក់គ្រាប់បែកលើអ៊ុយក្រែន។ លោកប្រធានាធិបតី ហ្សេលេនស្គី ធ្លាប់បានស្នើម្ដងហើយម្ដងទៀតឱ្យសហរដ្ឋអាមេរិក និង NATO បង្កើត «​តំបន់គ្មានការហោះហើរ» នៅក្នុងប្រទេសអ៊ុយក្រែន ព្រមទាំង ស្នើសុំប្រព័ន្ធការពារដែនអាកាស Iron Dome ផលិតរួមគ្នាដោយអាមេរិក និងអ៉ីស្រាអែល, ប្រព័ន្ធមីស៊ីលអាមេរិក Patriot យន្ដហោះចម្បាំង និងរថក្រោះ។

មកទល់នឹងពេលនេះ លោកខាងលិច ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក នៅតែស្ទាក់ស្ទើរក្នុងការបញ្ជូនអាវុធទាំងនេះឱ្យអ៊ុយក្រែន ដោយសារតែខ្លាចធ្វើឱ្យសង្រ្គាម សព្វថ្ងៃ រាលដាលកាន់តែធំ ផ្ទុះទៅជាសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកជាមួយរុស្ស៉ី។ តែបើគ្មានអាវុធទាំងនេះទេ សង្រ្គាមជើងអាកាស នៅតែផ្អៀងទៅខាងលោក ពូទីន ហើយលោកនឹងបន្តទម្លាក់គ្រាប់បែកឥតឈប់ឈររហូតដល់លោកខាងលិចព្រមធ្វើសកម្មភាព និងដូចដែលលោក ហ្សេលេនស្គី បានព្រមានថាលោក ពូទីននឹងបន្តទម្លាក់ គ្រាប់បែកបំផ្លិចបំផ្លាញអ៊ុយក្រែន រហូតទាល់តែលោកអស់មីស៊ីល និងគ្រាប់បែកពីស្ដុក៕