(ប៉េកាំង)៖ ថ្ងៃទី៣ ខែធ្នូ ជារៀងរាល់ឆ្នាំជាទិវាជនពិការអន្តរជាតិ។ នៅប្រទេសចិនមានជនពិការចំនួន៨៥លាននាក់។ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាច្រើនលើកថា ជនពិការជាសមាជិកស្មើភាពរបស់មហាគ្រួសារមនុស្សជាតិ។ ចាំបាច់ត្រូវការពារសិទ្ធិនិងផលប្រយោជន៍របស់ជនពិការឱ្យល្អ។

ពេលអញ្ជើញធ្វើរបាយការណ៍ការងារ ក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី២០ លោកបានបញ្ជាក់ម្តងទៀតថា ការធ្វើទំនើបកម្មតាមបែបផែនចិន ជាការធ្វើទំនើបកម្មដែលគ្របដណ្តប់លើ ទ្រង់ទ្រាយមនុស្សធំសម្បើម ជាការធ្វើទំនើបកម្ម ដែលប្រជាជនទាំងមូលសុទ្ធតែទទួលបាន ជីវភាពរស់នៅប្រកបដោយវិបុលភាព។ ប្រទេសចិននឹងបន្តជំរុញបុព្វហេតុជនពិការ ដោយគ្រប់ជ្រុងជ្រោយ។

តាមរយៈវិធានការខាងក្រោមនេះ ប្រទេសចិនបានបន្តខិតខំគាំពារ និងផ្តល់ជីវភាពល្អជូនជនពិការរបស់ប្រទេសចិន៖ កែសម្រួលប្រព័ន្ធសន្តិសុខសង្គម សម្រាប់ជនពិការឱ្យកាន់តែល្អប្រសើរ។ បន្ថែមប្រព័ន្ធផ្តល់សេវាថែទាំជនពិការ។ ជួយនិងគាំទ្រជនពិការនៅក្រុងនិងនៅជនបទ បង្កើតអាជីពឬទទួលបានឱកាសការងារ។ ផ្តល់មជ្ឈដ្ឋាននិងលក្ខណៈងាយស្រួល សម្រាប់ជនពិការ ដូចជាជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ វិស័យសិទ្ធិមនុស្សរបស់ជនពិការ ដែលផ្តោតលើតំបន់ «ខ្សែក្រវាត់និងផ្លូវ» ជាដើម។

គួរបញ្ជាក់ថា តាមរយៈការអភិវឌ្ឍនៃសេដ្ឋិកិច្ចឌីជីថល និងបណ្តាញអ៊ីនធើណេត ក្នុងអំឡុងពេលផែនការ៥ឆ្នាំទី១៣ (ឆ្នាំ២០១៦ដល់ឆ្នាំ២០២០) ប្រទេសចិនបានផ្តល់ឱកាសការងារថ្មី ដល់ជនពិការចំនួនជាង ១.៨ លាននាក់។ ពេលខាងមុខនេះ ប្រទេសចិននឹងបន្តជំរុញការបង្កើតអាជីព និងទទួលបានឱកាសការងារសម្រាប់ជនពិការ ពិសេសជនពិការភ្នែក ក្នុងវិស័យវិចិត្រសិល្បៈ សុខភាពផ្លូវចិត្ត សេវាអ៊ីនធើណេតជាដើម។

ព្រមជាមួយនេះ ប្រទេសចិនបានកែលម្អតំបន់ សម្រាប់ជនពិការក្នុងទីក្រុងផង នៅទីជនបទផង បានកសាងថ្មីឬកែសម្រួល ច្រកចេញចូលនៃសហគមន៍ស្នាក់នៅ បញ្ជរផ្តល់សេវាកម្ម និងបង្គន់ជាដើម។ រទេះភ្លើងនិងឡានក្រុងបានបន្ថែមចំនួនកៅអី សម្រាប់ជនពិការ ផ្តល់សេវាប្រកាសតាមសំឡេង និងអេក្រង់ជាដើម បន្ថែមកម្មវិធី APP សម្រាប់ជនពិការជាដើម ដើម្បីជួយជនពិការចិនធ្វើការផ្លាស់ប្តូរ ប្រាស្រ័យទាក់ទង និងធ្វើដំណើរកាន់តែងាយស្រួល៕

វិទ្យុមិត្តភាពកម្ពុជាចិន