(ប៉េកាំង)៖ ដើម្បីបន្តការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ចិន ចំពោះក្តីសុបិននៃលំហអាកាសប្រយោជន៍បម្រើដល់ សន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិ លោក ស៊ី ជីនភីង អគ្គលេខាធិកាបក្សកុម្មុយនីស្តចិន បានចង្អុលបង្ហាញថា «ការស្វែងយល់ពីសកលលោកដ៏ធំទូលាយ ការអភិវឌ្ឍឧស្សាហកម្មអវកាស និងការកសាងដ៏រឹងមាំប្រទេសអវកាស»។

វណ្ណកម្មវិទ្យាសាស្រ្តជាច្រើនរបស់ចិន រួមមានរ៉ូបូអាវកាសចិនដែលបានដោតទង់ជាតិចិន នៅលើឋានព្រះចន្ទ។ នាវាមុជទឹកតូចមួយបើកដោយអ្នកវិទ្យាសាស្រ្ត បានចុះដល់បាតសមុទ្រជម្រៅ១០ពាន់ម៉ែត្រ។ ក្រុមអ្នកស្រាវជ្រាវចិនកាលពីឆ្នាំ ២០២១ បានបង្កើតនូវ quantum computer ដែលអាចគិតលេខ ១០០០០០០ លានដងលឿនជាង super computer ហើយវាលស្រែក្នុងរដូវច្រូតកាត់របស់ចិនដែលប្រើគ្រឿងចក្រ គ្រឿងយន្ត ដោយមិនឱ្យកសិករមមាញឹកនៅវាលស្រែ។

នេះមិនរាល់ដល់កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២២ «យន្តហោះ X2 ឬរថយន្តហោះ» ផលិតដោយក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិករបស់ចិន Xpeng Inc បានធ្វើការហោះហើរ ជាសាធារណៈលើកដំបូងរបស់ខ្លួន នៅក្នុងប្រទេសអារ៉ាប់រួម ខណៈដែលក្រុមហ៊ុននេះធ្វើការឆ្ពោះទៅរកការដាក់ឱ្យដំណើរការ ឡានហោះអគ្គិសនីនៅលើទីផ្សារអន្តរជាតិ។

យន្តហោះ X2 គឺជាយន្តហោះសម្រាប់ចុះចតបញ្ឈរដែលមានកៅអីពីរ ដែលអាចហោះបានដោយម៉ាស៊ីនចំនួនប្រាំបី ដែលពីរនៅជ្រុងនីមួយៗនៃរថយន្ត។ ការហោះហើរសាកល្បងរយៈពេល៩០នាទីរបស់យន្តហោះ X2 ដោយគ្មានមនុស្សបើក ត្រូវបានពិពណ៌នាដោយក្រុមហ៊ុនផលិតរបស់រថយន្តហោះនេះថាជា «មូលដ្ឋានដ៏សំខាន់សម្រាប់រថយន្តហោះហើរជំនាន់ក្រោយ»។

ដើម្បីផលប្រយោជន៍របស់មនុស្សជាតិនៅលើលំហអាវកាស យានអវកាសរបស់ចិនបានចាប់ផ្តើមនៅឆ្នាំ១៩៦៨ ហើយចាប់តាំងពីឆ្នាំ២០១៦មក យានអវកាសចិនបានចូលទៅក្នុង «ផ្លូវល្បឿនលឿន» នៃនវានុវត្តន៍ និងការអភិវឌ្ឍ។ នៅខែកក្កដា ឆ្នាំ២០២០ ការបញ្ជាយានអវកាស Tianwen-1ឲ្យចុះចតនៅលើភពព្រះអង្គារ ដែលមានចម្ងាយប្រមាណ ២០០លានគីឡូម៉ែត្រពីភពផែនដី ដោយមានផ្ទុករ៉ូបូត «Zhurong» ដែលមានទម្ងន់២៤០គីឡូក្រាម មានតួនាទីថតរូបភាព និងស្រាវជ្រាវពីសណ្ឋានដី នៅលើភពព្រះអង្គារ និងស្វែងរកតឹកតាង អំពីទម្រង់ជីវិត ដែលធ្លាប់មាននៅលើភពក្រហមនេះ។ រ៉ូបូតនេះមានបំពាក់ដោយផ្ទាំងកញ្ចក់ ដើម្បីផលិតថាមពលអគ្គិសនី ហើយអាចមានថាមពលដើរបាន៣ខែ មានកាម៉េរ៉ាសម្រាប់ថតរូប មានប្រព័ន្ធរ៉ាដា និងប្រព័ន្ធឡាហ្សែរផងដែរ ដើម្បីវិភាគបរិយាកាសនិងថ្ម នៅលើភពព្រះអង្គារ។

ជាក់ស្តែង ក្រុមអវកាសយានិកនៃយានអវកាស Shenzhou-4 បានចេញពីកាប៊ីនធ្វើសកម្មភាពជាលើកទី៣ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនៅក្រៅកាប៊ីន អវកាសយានិកChen Dong និង Cai Xuzhe នឹងតម្លើងបរិក្ខារតភ្ជាប់កាប៊ីននិងលើកស្ទួយ កាមេរ៉ាបែប Panoramic នៃបន្ទាប់ពិសោធ Wentian។ អវកាសយានិកស្ត្រីឈ្មោះ Liu Yang នឹងផ្តល់ការគាំទ្រក្នុងកាប៊ីន។

នេះជាលើកទី៧ហើយ ដែលអវកាសយានិកចិនចេញពីកាប៊ីនធ្វើសកម្មភាព ដែលនឹងចំណាយពេលប្រហែល៦.៥ម៉ោង។
ដើម្បីណែនាំពីវឌ្ឍនភាពចម្បងនៃសកម្មភាពអវកាសរបស់ចិន ក្នុងការកសាងស្ពានមេត្រីភាពសម្រាប់ការកសាង សហគមន៍ជោគវាសនារួមមនុស្សជាតិ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ យានអវកាសចិននឹងផ្អែកលើដំណាក់កាលអភិវឌ្ឍថ្មី អនុវត្តគំនិតអភិវឌ្ឍថ្មី កសាងគំរូអភិវឌ្ឍថ្មី និងស្របតាមតម្រូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជំរុញការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ នៃវិទ្យាសាស្ត្រអវកាស បច្ចេកវិទ្យាអវកាស និងកម្មវិធីអវកាសដែលនេះជាការចាប់ផ្តើម ដំណើរថ្មីដើម្បីកសាងក្នុងគ្រប់មធ្យោបាយប្រទេសដ៏មានឥទ្ធិពលនៃលំហអាកាស។

លើសពីនេះ ទស្សនិកជនអាចដកពិសោធន៍នឹងកន្លែងបាញ់បង្ហោះរ៉ុក្កែត និងទស្សនាស្ថានីយអវកាសចិនតាមរយៈបច្ចេកវិទ្យា VR ដោយសារមន្ទីរអវកាសចិន ដែលបានបើកជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញអំពីប្រវត្តិ ផលិតផលនិងសមិទ្ធផលលើវិស័យអវកាសរបស់ប្រទេសចិន។

ដើម្បីបង្កើនការយល់ដឹងរបស់សហគមន៍អន្តរជាតិ អំពីឧស្សាហកម្មអវកាសដែលបម្រើដល់ជីវភាពស់នៅ កាន់តែប្រសើររបស់មនុស្សជាតិ ប្រទេសចិននឹងចូលរួមចំណែកកាន់តែច្រើន ក្នុងការអភិវឌ្ឍប្រទេសទាំងមូលលើកស្ទួយវឌ្ឍនភាព នៃអរិយធម៌របស់មនុស្សក្នុងវិស័យអវកាស និងលើកកម្ពស់ការកសាងសហគមន៍ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។

ជាក់ស្តែងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា លោកXi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំក្រៅផ្លូវការ របស់មេដឹកនាំនៃអង្គការAPEC លើកទី២៩ ដោយលើកឡើងថា ប្រទេសចិនរីករាយក្នុងការរួមជាមួយប្រទេសទាំងអស់ រួមរស់ដោយសន្តិភាពនិងអភិវឌ្ឍជាមួយគ្នា ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា សមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នា។

ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវការបើកទូលាយ ចំពោះក្រៅប្រទេសដែលមានក្របខណ្ឌកាន់តែធំ មានវិស័យកាន់តែច្រើន និងមានភាពកាន់តែស៊ីជម្រៅ ប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវទំនើបកម្មតាមបែបផែនចិន កសាងយន្តការថ្មីផ្នែកសេដ្ឋកិច្ចបែបបើកទូលាយ ដែលប្រកបដោយកម្រិតកាន់តែខ្ពស់ បន្តចែករំលែកជាមួយពិភពលោក ជាពិសេសអាស៊ីប៉ាស៊ីហ្វិក នូវឱកាសអភិវឌ្ឍរបស់ប្រទេចិន។

ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពិព័រណ៍បច្ចេកវិទ្យាអន្តរជាតិនៃក្រុងបច្ចេកវិទ្យាចិន លើកទី១០បានសម្ពោធបើកនៅក្រុង Mianyang ខេត្ត Sichuan ប្រទេសចិនក្រោមប្រធានបទ «ការដឹកនាំដោយ បច្ចេកវិទ្យានវានុវត្តន៍និងបង្កើតសាជីវកម្មថ្មី និង សហការនិងចែករំលែកគ្នា»

ដើម្បីផ្តល់នូវលទ្ធភាពដ៏អស្ចារ្យ សម្រាប់ការលេចឡើងនៃអ្នកគ្រប់គ្រង អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញនាំមុខថ្នាក់ពិភពលោក សម្រាប់បំពេញនូវតម្រូវការធនធានមនុស្សលើវិស័យវិទ្យាសាស្រ្ត ប្រទេសចិនដែលមានចំនួនអ្នកវិទ្យាសាស្ត្រ និងវិស្វករច្រើនបំផុតនៅក្នុងពិភពលោក បានលើកទឹកចិត្តដល់នវានុវត្តភាព ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ហើយនឹងបន្តដំណើរការកំណែទម្រង់ហ្មត់ចត់ នៃប្រព័ន្ធគ្រប់គ្រង បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ព្រមទាំងប្រព័ន្ធពាក់ព័ន្ធផ្សេងៗទៀត។ វណ្ណកម្មវិទ្យាសាស្រ្តដ៏ខ្លាំងក្លារបស់ចិនបានចូលរួមក្នុងអភិបាលកិច្ចសកល និងទំនួលខុសត្រូវចំពោះកិច្ចការអន្ដរជាតិ។

ជាក់ស្តែងពិព័រណ៍សមិទ្ធផលបច្ចេកវិទ្យាខ្ពស់អន្តរជាតិចិនលើកទី២៤ នៅក្រុង Shenzhen កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានសហគ្រាសជាង៥៦០០ដែលមកពីប្រទេសនិងតំបន់ចំនួន៤១ បានចុះឈ្មោះចូលរួមដែលនឹងតាំងបង្ហាញពី សមិទ្ធផលជាង៨៦០០គម្រោង។

ជាការពិតដែលថាសតវត្សរ៍ទី២១នេះ ត្រូវបានគេចាត់ទុកថាជាសតវត្សរ៍ចិនខ្លាំង ព្រោះថាចិនមិនត្រឹមតែនៅលើ វិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ បើសូម្បីតែនៅលើវិទ្យាសាស្រ្ត ក៏ចិនកំពុងបង្កើនឫទ្ធានុភាពក្នុងការអភិវឌ្ឍជឿនលឿន លើវិស័យនវានុវត្តវិទ្យាសាស្រ្តដែលរួមមានទាំង 5G និងបញ្ញាសិប្បនិម្មិត AI ផងដែរ។

ចិនខ្លាំងគឺជាការផ្តល់កាលានុវត្តភាពដល់ បណ្តាប្រទេសនានាសម្រេចបាននូវក្តីសុបិនរបស់ខ្លួនផងដែរ។ ហេតុនេះការច្នៃប្រឌិតនិងការអភិវឌ្ឍ «5G+ បណ្តាញអ៊ីនធើណេតឧស្សាហកម្ម» របស់ចិនបានពន្លឿនការអភិវឌ្ឍ ដោយបានបង្កើតបណ្តាញ 5G ដ៏ឯករាជ្យដែលមានបច្ចេកវិទ្យាទំនើបបំផុត និងទ្រង់ទ្រាយធំបំផុតលើពិភពលោក។ ស្ថានីយសេវា 5G មានចំនួនលើសពី២លាន២ សែន២ម៉ឺនកន្លែង ដែលស្មើនឹងចំនួនជាង៦០%នៃពិភពលោក។ ទីក្រុងនិងស្រុកទាំងអស់ទូទាំងប្រទេសចិន បានគ្របដណ្តប់ដោយបណ្តាញ 5G ដែលបានផ្តល់ផលប្រយោជន៍មហិមាដល់ អ្នកប្រើប្រាស់ច្រើនជាង៥២០លាននាក់។

បន្ថែមពីលើនេះ សៀវភៅសស្តីពី «អវកាសរបស់ចិនឆ្នាំ២០២១» ដែលបានចេញផ្សាយកាលពីថ្ងៃទី២៨ខែមករា ឆ្នាំ២០២២ បានរំលេចពីយ៉ាងច្បាស់ពីកាតព្វកិច្ចអវកាសចិន ផ្អែកលើដំណាក់កាលអភិវឌ្ឍន៍ថ្មី អនុវត្តគំនិតអភិវឌ្ឍន៍ថ្មី បង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី និងជំរុញការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ នៃវិទ្យាសាស្ត្រអវកាស បច្ចេកវិទ្យា អវកាសនិងកម្មវិធីប្រើប្រាស់អវកាស ស្របតាមតម្រូវការនៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ដើម្បីជំរុញការអភិវឌ្ឍនៃប្រទេសជាតិ និងជំរុញការកសាងសហគមន៍រួមវាសនា នៃមនុស្សជាតិក្នុងវិស័យអវកាស ក៏ដូចជារួមចំណែកកាន់តែច្រើនក្នុងការវិវឌ្ឍរីកចម្រើន នៃអរិយធម៌របស់មនុស្សជាតិផងដែរ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន